ខេត្តកំពង់ឆ្នាំង ៖ បុរសមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ ដែលជិះរថយន្តម៉ាក ម៉ាស្តា (Mazda) ពាក់ស្លាកលេខ ភ្នំពេញ 2AD-0819 បានប្រើប្រាស់កាំភ្លើង អាកា៤៧ ស្វាយបត់ (AK47) ធ្វើកាយវិការដូចជាខឹងនឹងនរណាម្នាក់ ។
បើតាមគណនីហ្វេសប៊ុក Brak Ban ដែលគេស្គាល់ថា ជាបុគ្គលិករបស់លោក ឃឿន សុឡា ហៅ K01 ជាអ្នកសារព័ត៌មាន បានផុសវីដេអូ និងរូបភាពភ្ជាប់ជាមួយបុរសម្នាក់ស្លៀកពាក់ស៊ីវិល ដៃទាញកាំភ្លើងចេញពីរថយន្តខាងលើ ។ គណនីហ្វេសប៊ុកដដែលបានសរសេរថា សូមបងប្អូនជួយរកយុត្តិធម៌ និងពិចារណាមើល ។
ដោយឡែក លោក ឃឿន សុឡា ហៅ K01 បានសរសេរថា «K01សូមសួរបងប្អូនថា តើK01គួរធ្វើយ៉ាងណាទៅ បើគេធ្វើដាក់កូនចៅខ្ញុំបែបនេះ ស៊ែរអោយល្បីមួយផង អាងតែមានកាំភ្លើង ធ្វើអីស្រេចចិត្តមែនលោក សូមថ្នាក់លើជួយរកយុត្តិធម៍អោយក្រុមK01ផង ស៊ែរមួយផងបងៗ ខុសត្រូវអីចុះនិយាយគ្នាទៅបង អាងអីដកកាំភ្លើង គំរាមគេបែបនេះមិនល្អទេ ភូមិថ្នល់កែង ឃុំក្បាលទឹកស្រុកទឹកផុសខេត្តកំពង់ឆ្នាំង» ។
គេមិនដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅពេលណា និងផ្តើមចេញពីមូលហេតុអ្វីនោះទេ ៕