រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ សីហា ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា ករណីព្រះសង្ឃ២៨អង្គ នៅវត្តនាងខ្មៅ ស្ថិតក្នុងភូមិចា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ គឺគ្រាន់តែមានជំងឺផ្ដាសាយឆ្លងបន្តពីមួយអង្គ ទៅមួយអង្គប៉ុណ្ណោះ ។
បើតាមអាជ្ញាធរខេត្តតាកែវរួមមាន៖ លោកស្នងការរងផែនសន្តិសុខ អភិបាលរងស្រុកសំរោង ប្រធានមន្ទីរពេទ្យបង្អែកស្រុក និងមេឃុំ ចុះដល់ទីតាំងវត្តផ្ទាល់ ពិនិត្យឃើញថា ព្រះសង្ឃមានជំងឺផ្ដាសាយ សរុបចំនួន២៨អង្គ អាជ្ញាធរស្នើសុំឲ្យគង់នៅក្នុងគុដិដោយឡែក និងពួកគាត់ត្រៀមខ្លួនសហការតាមជំនាញរបស់សុខាភិបាល ។
គួរជម្រាបថា ព្រះចៅអធិការវត្ត និងព្រះសង្ឃផ្សេងទៀត មានអាការៈផ្ដាសាយ ហើយទៅព្យាបាលនៅផ្ទះគ្រូពេទ្យជាប់វត្ត ដែលជាគ្រូពេទ្យប្រចាំ ជាបន្តបន្ទាប់ ហើយគ្រូពេទ្យមិនយកថវិកា ទើបចៅអធិការវត្ត បង្ហោះសារក្នុងបណ្ដាញសង្គមហ្វេសប៊ុក ថ្លែងអំណរគុណដល់គ្រូពេទ្យ ហើយប្រជាពលរដ្ឋក៏យកព័ត៌មានដែលចៅអធិការវត្តបង្ហោះនោះ ផ្សព្វផ្សាយបន្តគ្នា ធ្វើឲ្យមានភាពភ្ញាក់ផ្អើល រហូតមានការទំនាក់ទំនង ចូលទៅលេខ១១៥ សុំអន្តរាគមន៍ ចុះពិនិត្យតែម្តង ៕