ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញការហាមឃាត់ជាផ្លូវការលើកម្មវិធីផ្ញើសារ WeChat និងកម្មវិធីចែករំលែកវីដេអូ Tik Tok របស់ចិនដែលការហាមឃាត់នេះកាន់តែធ្វើឲ្យអាមេរិក និងចិនប្រឈមមុខដាក់គ្នាជុំវិញអនាគតឧស្សាហកម្មបច្ចេកវិទ្យាពិភពលោក ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានចេញផ្សាយនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ នេះ ។
បទបញ្ជាប្រតិបត្តិដែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី០៧ ខែសីហា និងមានប្រសិទ្ធិភាពក្នុងរយៈពេល៤៥ថ្ងៃគឺបន្ទាប់ពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នៅសប្តាហ៍នេះបានបង្ហាញការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលុបចោលនូវកម្មវិធីចិនដែលមិនគួរទុកចិត្តពីបណ្តាញឌីជីថលរបស់សហរដ្ឋអាមេរិកដោយក្នុងនោះរួមមាន WeChat និង TikTok ដ៏ពេញនិយមរបស់ក្រុមហ៊ុនចិន Bytedance ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វេន បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃសុក្រថា ៖«ប្រទេសចិនប្រឆាំងដាច់ខាតនឹងបទបញ្ជាប្រតិបត្តិនេះ ហើយនឹងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អាជីវកម្មចិន» ។
Tik Tok បានរងនូវការចោទប្រកាន់ពីសំណាក់សមាជិកសភាសហរដ្ឋអាមេរិកជុំវិញការព្រួយបារម្ភអំពីផ្នែកសន្តិសុខជាតិដែលអាចប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ ដែលធ្វើឲ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងកាន់តែកើនកំដៅ ។
សារព័ត៌មានរ៉យទ័រកាលពីថ្ងៃអាទិត្យបានរាយការណ៍ថា លោក ដូណាល់ ត្រាំ បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន Microsoft Corp រយៈពេល៤៥ថ្ងៃ ដើម្បីទិញយកក្រុមហ៊ុន Tik Tok នៅសហរដ្ឋអាមេរិក ។
ការហាមឃាត់របស់សហរដ្ឋអាមេរិកលើប្រតិបត្តិការរបស់ក្រុមហ៊ុន Tencent ដែលជាក្រុមហ៊ុនអ៊ីនធើណេតធំជាងគេបង្អស់នៅលើពិភពលោក បង្ហាញពីការប្រេះស្រាំបន្ថែមទៀតនៃអ៊ិនធើណេតពិភពលោក និងការផ្តាច់ទំនាក់ទំនងយូរអង្វែងរវាងឧស្សាហកម្មបច្ចេកវិទ្យានៅសហរដ្ឋអាមេរិក និងចិន ៕
ប្រភព ៖ Reuters , ដោយ ៖ សំណាង