ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍ជាបឋម បានអោយដឹងថា សង្ស័យផ្ទុះភ្លើងប្រចណ្ឌ លើបុរសជាគូស្នេហ៍ ដែលជាមន្ត្រីប៉ូលីសចរាចរណ៍ម្នាក់ ត្រូវស្រីកំណាន់ កាត់ប្រដាប់បន្តពូជជិតដាច់ បណ្ដាលអោយរងរបួសធ្ងន់ធ្ងរ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិពោន ឃុំច្រនាង ស្រុកតាំងគោកខេត្តកំពង់ធំ ។
បើតាមសាក្សី ដែលបានដឹងហេតុការណ៍ បានប្រាប់ឲ្យដឹងថា ករណីនេះបានបង្កឡើងដោយជនសង្ស័យមានឈ្មោះ រិទ្ធ ស្រីនាង ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយប្រើកាំបិតប៉័ងតោ សម្រាប់ប្រើប្រាស់ ជាអាវុធ ។
ចំណែកភាគីជនរងគ្រោះ មានឈ្មោះ ខៀន សុខល័ក្ខ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមន្ត្រីនគរបាលចរាចរណ៍ រស់នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
ក្នុងករណីអំពើហិង្សានេះ លោក ខៀន សុខល័ក្ខ ត្រូវបានស្រីម្នាក់ឈ្មោះ រិទ្ធ ស្រីនាង កាត់អាអូនតូច (ប្រដាប់ភេទ) ជិតដាច់ និងថែម មួយកាំបិតទៀតចំភ្លៅ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែក ។ ក្រោយពីកើតហេតុ ជនបង្កបានរត់គេចខ្លួន បាត់ស្រមោល ។
ករណីខាងលើនេះ អ្នកសារព័ត៌មានយើងនៅមិនទាន់សុំការបំភ្លឺព័ត៌មានលម្អិតពីលោក សន តាល់ អធិការស្រុកតាំងគោក បាននៅឡើយទេ ដោយលោក ពុំហ៊ានផ្តល់ព័ត៌មាននោះទេ និងឲ្យអ្នកសារព័ត៌មាន ទាក់ទងសួរទៅកាន់លោកស្នងការនគរបាលខេត្តកំពង់ធំ វិញ ៕