រាជធានីភ្នំពេញ ៖ បុរសម្នាក់បានចុះចេញពីផ្ទះចោលប្រពន្ធកូនអស់រយៈ២ខែរត់ទៅរួមរស់ជាមួយស្រីកំណាន់ថ្មីក្នុងបន្ទប់ជួលយ៉ាងមានក្តីសុខ ស្រាប់តែត្រូវប្រពន្ធដើមតាមទាន់ឃើញផ្ទាល់ភ្នែករួចក៏បានចងទ្វារពីខាងក្រៅជាប់ឈ្លោះគ្នាបែកផ្សែង ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ងាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅបន្ទប់ជួលលេង១៥ ជាន់ទី១ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
បុរសជាប្តីមានឈ្មោះ យាំ រ៉ុន អាយុ៣៤ឆ្នាំ មុខរបរបើកបររថយន្តឈ្នួល ទើបទៅស្នាក់នៅចំណុចខាងលើបានជាង២ខែប៉ុណ្ណោះ និងមានស្រុកកំណើតនៅភូមិចុងព្រៃ ឃុំជ្រៃ ស្រុករមាសហែក ខេត្តស្វាយរៀង រីឯប្រពន្ធដើមឈ្មោះ ប.ច.ន អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិចុងព្រៃ ឃុំជ្រៃ ស្រុករមាសហែក ខេត្តស្វាយរៀង ។ ចំណែកភាគីខាងស្រីថ្មីមានឈ្មោះ ស.ណ អាយុ៣៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិអូរ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។
តាមប្រភពពីប្រពន្ធដើមបានឲ្យដឹងថា គាត់ និងប្តីបានរៀបការកសាងគ្រួសារអស់រយៈពេល១២ឆ្នាំមកហើយ និងមានកូនចំនួន២នាក់ ប្រុសអាយុ១១ឆ្នាំ និងស្រីអាយុ៦ឆ្នាំ ហើយជាង១០ឆ្នាំមកនេះជីវិតគ្រួសាររបស់គាត់គឺមានក្តីសុខណាស់ ទើបតែប៉ុន្មានខែចុងក្រោយនេះជីវិតគ្រួសារចេះតែរង្គោះរង្គើ ប្រេះស្រាំ រហូតដល់ថ្នាក់ប្តីរបស់គាត់ចុះចេញពីផ្ទះជាង២ខែមកហើយទោះជាចង់និយាយគ្នារឿងលែងលះក៏មិនអាចដាច់ស្រេចដែរ ។
ប្រពន្ធបានបន្តទៀតថា មូលហេតុក៏ព្រោះតែប្តីមិនបានចូលខ្លួនមកដោះស្រាយទាល់តែសោះ បែរជាទៅសម្ងំលាក់ខ្លួនសោយសុខផ្តើមស្នេហាជាមួយនារីកម្មការិនីរោងចក្ររស់នៅជាមួយគ្នាដូចប្តីប្រពន្ធទៅវិញ ហើយទើបតែនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ រូបគាត់តាមរកឃើញក៏ប្តឹងទៅអាជ្ញាធរឲ្យជួយធ្វើអន្តរាគមន៍ ។
ចំណែកឯខាងប្តីវិញបានឲ្យដឹងថា ដោយសារក្នុងគ្រួសាររស់នៅមិនចុះសម្រុងគ្នា និងលែងលះមិនដាច់ស្រេច ក្នុងរយៈពេលជាង២ខែមកនេះទើបខ្លួនស្រេចចិត្តទៅរស់នៅភ្នំពេញស្នាក់នៅជាមួយប្រពន្ធក្រោយតែម្តង ។ ដោយឡែកភាគីខាងស្រីថ្មីវិញបាននិយាយថា រូបគេជាស្ត្រីមេម៉ាយហើយស្គាល់បុរសនេះតាមរយៈទូរស័ព្ទដែលគាត់អះអាងថា ជាពោះម៉ាយដែរទើបខ្លួនហ៊ានទទួលដាក់ចិត្តដាក់កាយស្នេហាជាមួយទៅ ។
លោក ថេង កុសល មេប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣ក្រោយពីបានទទួលដំណឹងរួចក៏បានចុះទៅជួយធ្វើអន្តរាគមន៍ចំពោះភាគីទាំង៣នាក់ ដោយនាំទៅនិយាយសម្របសម្រួលគ្នានៅសាលាសង្កាត់ចោមចៅទី៣ ក្រោមការសម្របសម្រួលពីលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣រួចមក ទីបំផុតអ្នកទាំង៣បានព្រមព្រៀងគ្នា ដោយភាគីប្តី និងស្រីកំណាន់ថ្មីព្រមទទួលបំពេញកាតព្វកិច្ចនូវអាហារកិច្ចចិញ្ចឹមកូន២នាក់ ក្នុង១ខែចំនួន៣០ម៉ឺនរៀល ហើយក៏បានធ្វើកិច្ចសន្យាបញ្ចប់រឿងតែម្តង ៕