ប្រធានាធិបតីចិនលោក ស៊ី ជីនពីង មានប្រសាសន៍កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ថា លោកកំពុងសង្កត់ធ្ងន់លើការសម្រេចគោលដៅ និងបេសកកម្មពង្រឹងកិច្ចការពារជាតិ និងកងកម្លាំងប្រដាប់អាវុធសម្រាប់ឆ្នាំ២០២០ ខណៈដែលជំងឺរាតត្បាតកូវីដ១៩ស្ថិតក្នុងការគ្រប់គ្រងយ៉ាងមានប្រសិទ្ធិភាព ។ នេះបើតាមប្រភពទីភ្នាក់ងារ ស៊ីនហួរ បានចេញផ្សាយកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ។
លោក ស៊ី ក៏ជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមបានធ្វើការកត់សម្គាល់នៅពេលចូលរួមកិច្ចប្រជុំពេញអង្គដោយលោកបានថ្លែងសុន្ទរកថា ស្តីពីការបំពេញភារកិច្ចត្រួតពិនិត្យការរាតត្បាត ពង្រឹងការបណ្តុះបណ្តាល ចំពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ និងការបង្កើនការពង្រឹងសមត្ថភាពលើវិស័យការពារជាតិ ។
លោកប្រធានាធិបតីចិនបាននិយាយថា យោធាត្រូវគិតអំពីសេណារីយ៉ូដើម្បីបង្កើនការបណ្តុះបណ្តាល និងការត្រៀមប្រយុទ្ធឱ្យបានឆាប់ និងមានប្រសិទ្ធិភាពគ្រប់គ្រងស្ថានភាពស្មុគស្មាញ និងការពារអធិបតេយ្យភាពសន្តិសុខ និងផលប្រយោជន៍របស់ប្រទេសជាតិ ។
លោក ស៊ី ជីនពីង បានទាមទារឱ្យមានការកែទម្រង់ និងការច្នៃប្រឌិតដើម្បីដោះស្រាយស្ថានការណ៍ ឬបញ្ហាថ្មីៗ ដោយលោកបានសង្កត់ធ្ងន់ទៅលើការច្នៃប្រឌិតវិទ្យាសាស្ត្រលើវិស័យការពារជាតិ និងបណ្តុះបណ្តាលបុគ្គលិកយោធាដែលមានសមត្ថភាពខ្ពស់ផងដែរ ៕
ប្រភព ៖ Xinhua