បរទេស៖ ការសិក្សាថ្មីមួយដែលចេញផ្សាយដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក បានរកឃើញថា ពិធីមង្គលការមួយនៅភាគខាងជើង ប្រទេសហ្ស៊កដានី បានធ្វើឱ្យមនុស្ស៨៥នាក់បានឆ្លងវីរុស Covid-19 ហើយបណ្តាលឲ្យមនុស្សម្នាក់ស្លាប់។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN

យោងតាមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យហ្ស៊កដានី នៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបានឱ្យដឹងថា ពិធីរៀបអាពាហ៍ពិពាហ៍និងពិធីជប់លៀងត្រូវបានធ្វើឡើងនៅក្នុងផ្ទះនៅថ្ងៃទី១៣ ខែមីនា នៅទីក្រុង Irbid ។

អ្នកស្រាវជ្រាវបាននិយាយថាមនុស្សប្រហែល៣៦០នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ នៅពេលនោះហ្ស៊កដានី មានករណីមួយប៉ុណ្ណោះដែលត្រូវបានបញ្ជាក់អំពីវីរុសCovid-19 ។

ការសិក្សាបានធ្វើតេស្តលើគំរូពី៣៥០ករណី ដែលអាចកើតមានក្នុងរយៈពេល៤ សប្តាហ៍នៃការប៉ះពាល់ក្នុងពិធីមង្គលការ រួមទាំងអ្នកដែលចូលរួមពិធីមង្គលការ​ និងអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកចូលរួម។

ការសិក្សារកឃើញថា ជិតពាក់កណ្តាលនៃអ្នកជំងឺ ៧៦ នាក់ដែលបានធ្វើតេស្តវិជ្ជមាននិងចូលរួមក្នុងពិធីមង្គលការ គឺមិនមានរោគសញ្ញាអ្វីឡើយនៅពេលធ្វើតេស្ត។ ៤ ករណីក្នុងចំណោម ៩ ករណីដែលបានធ្វើតេស្តវិជ្ជមាន ប៉ុន្តែមិនបានចូលរួមក្នុងពិធីមង្គលការគឺមានរោគសញ្ញាដោយរោគសញ្ញាចាប់ផ្តើមរវាង៩ ទៅ១៩ ថ្ងៃបន្ទាប់ពីពិធីរៀបការ។

មានតែអ្នកជំងឺពីរនាក់ប៉ុណ្ណោះដែលមានស្ថានភាពធ្ងន់ធ្ងរ ក្នុងនោះរួមមានស្ត្រីអាយុ ៨០ ឆ្នាំម្នាក់ដែលមានជំងឺមហារីកសុដន់ដែលវិវត្តទៅជាជំងឺរលាកសួត និងជំងឺផ្លូវដង្ហើមនិងបានស្លាប់ក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីត្រួតពិនិត្យតាមដាន។

អ្នកស្រាវជ្រាវបាននិយាយថា ការរកឃើញរបស់ពួកគេបង្ហាញថាអ្នកឆ្លងម្នាក់អាចចម្លងជំងឺនេះទៅមនុស្សងាយ២-៣ នាក់ផ្សេងទៀត។ ការសិក្សានេះបាននិយាយថា“ នៅក្នុងការជួបជុំសង្គមដែលមានមនុស្សច្រើនកុះករអត្រាបញ្ជូនអាចខ្ពស់ជាងនេះដូចដែលបានបង្ហាញដោយការស៊ើបអង្កេតនេះ”  ៕