ប៉ារីស៖ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាលបារាំង បានសម្រេចបិទទ្វារប្រទេសទាំងស្រុង ដោយហាមប្រជាពលរដ្ឋចេញពីផ្ទះប្រសិនបើគ្មានករណិណាចាំបាច់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុស Covid-19​។ នេះបើយោងតាមវិទ្យុបារាំងអន្ដរជាតិ RFI។

លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង នៅយប់ថ្ងៃចន្ទ ទី១៦ ខែមីនា បានចេញមុខថ្លែងសារដោយផ្ទាល់ទៅកាន់ប្រជាជនបារាំងសារជាថ្មីម្តងទៀត ជុំវិញវិធានការថ្មី ក្នុងការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩។ លោកប្រធានាធិបតីបារាំងបានប្រកាសឲ្យប្រជាជនទាំងអស់នៅទូទាំងប្រទេសបារាំងស្ថិតនៅតែក្នុងផ្ទះ ដោយហាមមិនឲ្យធ្វើដំណើរចេញក្រៅផ្ទះ លើកលែងតែក្នុងករណីចាំបាច់បំផុត។ លោកក៏បានលើកឡើងផងដែរ ម្តងហើយម្តងទៀតថា បារាំងនៅពេលនេះ “កំពុងស្ថិតក្នុង «ស្ថានភាពសង្រ្គាម» គឺសង្រ្គាមទល់នឹងមេរោគកូរ៉ូណាថ្មី។

បើតាមតាមការចេញផ្សាយរបស់ RFI នៅក្នុងសេចក្តីថ្លែងសារនោះ លោក ម៉ាក្រុង ដែលបានថ្លែងបញ្ជាក់ថា «គ្រប់កន្លែងទាំងអស់ បូករួមទាំងនៅតាមដែនដីនាយសមុទ្រផង ការធ្វើដំណើរចេញទៅក្រៅផ្ទះអាចធ្វើតែបានតែនៅក្នុងករណីចាំបាច់បំផុតតែប៉ុណ្ណោះ ដូចជាករណីចាំបាច់ត្រូវចេញទៅទិញម្ហូបអាហារ ហើយក៏ត្រូវមានវិន័យផងដែរ គឺត្រូវឈរឆ្ងាយពីគ្នាយ៉ាងតិច១ម៉ែត្រ ហើយមិនត្រូវចាប់ដៃគ្នា, ករណីចាំបាច់ត្រូវទៅពេទ្យ, ករណីចាំបាច់ត្រូវទៅធ្វើការ ក្នុងករណីដែលការធ្វើការពីផ្ទះមិនអាចធ្វើទៅបាន និងការចេញទៅក្រៅធ្វើកីឡា ហើយក្នុងករណីនេះ ក៏មិនអនុញ្ញាតឲ្យទៅជួបមិត្តភ័ក្តិ ឬសាច់ញាតិនោះដែរ»។

គួររំលឹកដែរថា ប្រទេសបារាំង កំពុងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរីករាតត្បាតនៃជំងឺមួយនេះ។ យោងតាមរបាយការណ៍ បានបញ្ជាក់ថា ប្រទេសបារាំង មានអ្នកឆ្លងជំងឺ COVID-19 រហូតដល់ទៅ ៥,៤៣៧នាក់ ហើយមនុស្ស ១២៧នាក់ហើយ បានស្លាប់បាត់បង់ជីវិត ៕