រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៣ និង៣០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនអ្នកលក់អនឡាញថៃ ស្រីនាង ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា អ្នកលក់អនឡាញ ឈ្មោះថៃ ស្រីនាង ត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួននៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ ក្នុងករណីផុសរូបភាពស៊ិចស៊ី ចោទពីបទផុសរូបភាព និងសម្ភារអាសអាភាស ដោយយោងតាមមាត្រា ៣៨-៣៩ ច្បាប់ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលជាប់ទោសចាប់ពី (១ខែ ដល់ ១ឆ្នាំ) ។

នៅព្រឹកថ្ងៃពុធ ទី១៨ ខែកុម្ភ: ឆ្នាំ២០២០ ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ចនាំខ្លួន យកមកធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា ចំពោះកំហុសឆ្គងដែលគាត់បានផុសរូបភាព និងវីដេអូឃ្លីប ដែលធ្វើអោយប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណី ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ស្ត្រីខ្មែរ និងបានយល់ព្រមថតជាវីដេអូ ដើម្បីសុំទោសជាសាធារណ:នូវកំហុសរបស់គាត់ ។
បន្ទាប់ពីធ្វើកិច្ចសន្យា និងសារភាពកំហុសរួច នៅវេលាម៉ោង១១ និង៣០នាទី ក៏បានអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញ ។ ស្រាប់តែម៉ោង២ និង៣៥នាទីរសៀលថ្ងៃដដែល នាង ថៃ ស្រីនាង នៅតែមិនរាងចាល ថែមទាំងផុសរូបអាក្រាតកាយ ដែលស្លៀកតែខោលីអូ ។

ដោយមានការឯកភាពយល់ព្រមពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៤ និង២០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះទៅនាំខ្លួន ថៃ ស្រីនាង ម្តងទៀត ដើម្បីរៀបចំសំណុំឯកសារបញ្ជូនបន្តទៅតុលាការ និងអនុវត្តតាមនីតិវិធីច្បាប់៕