រាជធានីភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណ៨និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបន្ដបើកសវនាការជំនុំជម្រះក្ដី លើសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ។
នៅក្នុងសវនាការលើកទី១ នាព្រឹកថ្ងៃទី១៥ មករា លោក កឹម សុខា ក្រោយពីក្រុមប្រឹក្សាសម្រេចចាក់វីដេអូឃ្លឹបនេះ ជាភ័ស្ដុតាងសំខាន់ក្នុងសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» លោក កឹម សុខា បានបដិសេធចំណុចមួយនៅត្រង់ថា វីដេអូដែលចាក់នេះមិនគ្រប់ទេ ពោលបានកាត់ជាកំណត់ ខណៈដែលចំណុចសំខាន់មួយចំនួន ជាផលប្រយោជន៍សម្រាប់គាត់ គឺត្រូវបានកាត់ចេញ ។ នេះជាអ្វីដែលលោក កឹម សុខា តវ៉ានៅបន្ទាប់ពីការចាក់វីដេអូឃ្លឹប ។ ជាមួយគ្នានេះ លោក កឹម សុខា ឲ្យ USB ថ្មីមួយទៅក្រុមប្រឹក្សាជំនុំជម្រះ ដោយអះអាងថា ជាវីដេអូឃ្លឹបទាំងស្រុងរបស់លោក ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការបានសម្រេចដាក់លោក កឹម សុខា ស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការដដែលតែបានកែប្រែលក្ខខណ្ឌមួយចំនួនដែលក្នុងនោះរួមមានលក្ខខណ្ឌនៃការធ្វើដំណើររបស់លោកផងដែរ ពោលគឺលោកអាចធ្វើដំណើរបានគ្រប់ទីកន្លែងទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការសម្រេចនេះ ដោយផ្អែកលើស្ថានភាពសុខភាព និងកិច្ចសហការល្អរបស់លោក កឹមសុខា ជាមួយសមត្ថកិច្ច នាពេលកន្លងមក។ ប៉ុន្តែលោក ត្រូវហាមឃាត់មិនឱ្យចេញទៅបរទេស មិនឱ្យធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅ ពីគ្រប់សមត្ថកិច្ច៕