ព្រះសីហនុ ៖ នៅថ្ងៃទី១៥ មករា ២០២០នេះ កម្លាំងនគរបាលខេត្តព្រះសីហនុសហការជាមួយកម្លាំងចម្រុះ នៃរដ្ឋបាលស្រុកព្រៃនប់ ចុះទប់ស្កាត់ និងរុះរើសំណង់ផ្ទះខ្ទមអនាធិបតេយ្យ ដែលសង់លើដីឧទ្យានជាតិព្រះសីហនុ (រាម) ត្រង់ចំណុចតាបិន ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នៅក្នុងប្រតិបត្តិការនេះដឹកនាំដោយលោក ព្រំ ប៊ុន្នី នាយករងរដ្ឋបាលស្រុកព្រៃនប់ ត្រូវបានក្រុមអនាធិបតេយ្យទាំងនោះ បានប្រើហិង្សាមកលើក្រុមកាងារដោយប្រើកាំបិត ពូថៅ ដំបង ដុំថ្ម ជំពាមកៅស៊ូ និងដបសាំង វាយ កាប់ និងគប់បណ្តាលឱ្យនគរបាល រងរបួសម្នាក់ឈ្មោះ នី សារ៉ាត់ ជានាយប៉ុស្តិ៍ទួលទទឹង, មន្ត្រីអាវុធហត្ថរងរបួសម្នាក់ឈ្មោះរឿង សុខជា ជាសមាជិកកងអន្តរាគមន៍ពិសេស អាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងប្រជាការពារឃុំរងបួសម្នាក់ឈ្មោះ លន់ សារិទ្ធ ។
ភ្លាមៗ កម្លាំងនគរបាល នៃស្នងការខេត្តបានឃាត់ខ្លួនក្រុមជនសង្ស័យ ចំនួន៧នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបំពេញនីតិវិធី ៕