កីឡាករអាយុក្រោម២២ឆ្នាំ ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់កម្ពុជា កែវ សុខផេង បានជួយកម្ពុជាតាមស្មើមីយ៉ាន់ម៉ា ទៅហើយ លទ្ធផល៩០នាទីបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ តែនៅតែគ្មានសំណាងចុងក្រោយ ទាត់បាល់បុកបង្គោលទី ធ្វើអោយ កែវ សុខផេង បានផ្ដួលខ្លួនទៅលើទីលានយំបង្ហូរទឹកភ្នែកបង្ហាញពីទំហំឈឺចាប់ និងសោកស្តាយចំពោះការទាត់បាល់១១ម៉ែត្រ មិនបានសម្រេចមួយនេះ ។
ក្តីឈឺចាប់ចំពោះបរាជ័យមួយនេះ កែវ សុខផេង បានបង្ហោះសារភ្លាមៗនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន យ៉ាងខ្លីថា «កំហុសគ្រប់យ៉ាងមកពីរូបខ្ញុំ» ។
បន្ទាប់ពីសារបង្ហោះចេញមិនបានប៉ុន្មាននាទីផង កីឡាករ កែវ សុខផេង ទទួលបានសារលើកទឹកចិត្តជាច្រើន ចេញពីបេះដូងអ្នកគាំទ្រក្រុមគោព្រៃកម្ពុជាយ៉ាងច្រើនក្រៃ ។
យ៉ាងណាក្រុមអ្នកគាំទ្រគោព្រៃកម្ពុជា មិនបន្ទោសចំពោះកំហុសអចេតនាមួយនេះឡើយ មានតែលើកទឹកចិត្ត ជាកស្តែងមានមតិមួយថ្លែងយ៉ាងដូច្នេះថា «យើងទាំងអស់គ្នាសុទ្ធតែសោកស្តាយ សុទ្ធតែឈឺចាប់ចំពោះការខកខានយកមេដាយសំរឹទ្ធនាពេលនេះ ប៉ុន្តែទោះឈឺចាប់យ៉ាងណា តែយើងមិនត្រូវបញ្ចប់វានោះឡើយ សង្ឃឹមថា ក្តីឈឺចាប់មួយនេះ នឹងប្រែក្លាយកីឡាករគ្រប់រូបឱ្យឆ្ពោះទៅរកភាពកាន់តែល្អលើវិស័យបាល់ទាត់ តាមរយៈការប្រឹងប្រែងហ្វឹកហាត់ ដើម្បីស្វែងរកឱកាសជោគជ័យនៅថ្ងៃក្រោយ »៕