ហ្វីលីពីនដែលម្ចាស់ផ្ទះ ព្រឹត្តការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣០ កំពុងរងការរិះគន់ពីសំណាក់ប្រទេសដែលចូលរួមប្រកួតស៊ីហ្គេម ទាក់ទងការរៀបចំពិសេសបញ្ហាបដិសណ្ឋារកិច្ចអត្តពលិកដែលជាភ្ញៀវផងនោះ ស្រាប់ពេលនេះ ម្ចាស់ផ្ទះមួយនេះរងការគំរាមកំហែងមួយទៀត ពីព្យុះទីហ្វុងកាំមូរី (Kammuri) ដែលចូលមកដល់ប្រទេសហ្វីលីពីនផងដែរ ។
ក្រុមអ្នកព្យាករណ៍ឧតុនិយម និយាយកាលពីថ្ងៃអាទិត្យទី១ ធ្នូ ២០១៩នេះថា ហ្វីលីពីនបានចាប់ផ្តើមជម្លៀសប្រជាជនរាប់ពាន់នាក់ហើយ ដែលព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយ កំពុងបោកបក់យ៉ាងខ្លាំង ពីមហាសមុទ្រប៉ាស៊ីហ្វិក ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បោកបក់ខ្លាំង ។
ក្រុមព្យាករណ៍ឧតុនិយម អះអាងថា ព្យុះទីហ្វុងកាំមូរី នឹងបោកបក់ខ្លាំង នៅល្ងាចថ្ងៃទី២ធ្នូ រហូតដល់ព្រឹកថ្ងៃទី៣ សប្តាហ៍នេះ ដោយនាំមកនូវខ្យល់កន្ត្រាក់ល្បឿនដល់ទៅ ១៧០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងល្បឿនខ្យល់ថេរជាអតិបរមា ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង ។
សូមជម្រាបថា ព្យុះ Kammuri បានចូលដល់ទឹកដីហ្វីលីពីន កាលពីល្ងាចថ្ងៃសៅរ៍មកម្ល៉េះ មុនពេលលោកប្រធានាធិបតី ឌូទើតេ និងកំពូលអ្នកប្រដាល់ ប៉ាកគីអៅ ធ្វើពិធីដុតភ្លើងគប់ និងថ្លែងបើកព្រឹត្តិការណ៍កីឡានេះ។
ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយ បានអោយដឹងថា ជាង៨០០គ្រួសារ ដែលមានប្រជាជនប្រហែលជា ៣.០០០ ទៅ៤.០០០នាក់ បានស្ថិតនៅក្នុងមណ្ឌលជម្លៀសរួចហើយ ដែលភាគច្រើន គឺនៅក្នុងសាលារៀននិងកន្លែងបរិវេណហាត់ប្រាណ ក្នុងខេត្ត ។ ក្នុងតំបន់ខ្លះនៅភាគកណ្តាល បានចាប់ផ្តើមជម្លៀសប្រជាជន ។ ក្រុមមន្ត្រីកំពុងជម្លៀសតំបន់មួយចំនួនទៀត ដូច្នេះចំនួនមនុស្សដែលត្រូវជម្លៀស រំពឹងកើនឡើងបន្តទៀត ៕