នៅលើលោកនេះសត្វដែលមានទំនាក់ទំនង មនោសញ្ចតនាល្អជាមួយមនុស្សយើង គ្មានសត្វអ្វីដែលអាចយកមកប្រៀបផ្ទឹមបានដូចជាសត្វឆ្កែ នឹងសត្វឆ្មា។​ ក៏ប៉ុន្តែបើមាននរណាម្នាក់យកខ្លួនយើងទៅប្រៀបធៀបជាមួយនឹងសត្វ​ ហើយទូទៅជាពិសេសនៅប្រទេសកម្ពុជាយើងពេញនិយមបំផុតនៅពេលដែលមានការឈ្លោះ ​ទាស់ទែងគ្នាគឺចូលចិត្តយកគ្នាទៅប្រៀបធៀបជាមួយនឹងសត្វឆ្កែ ដោយច្រើនតែពោលថា “ចរិតអន់ជាងឆ្កែ”​ ដែលវាគឺជារឿងមួយគួរឲ្យខឹងស្អប់បំផុត ព្រោះគេគិតថាឆ្កែអន់ខ្លាំងណាស់។

និយាយចំពោះសត្វឆ្កែ សត្វឆ្មា គឺវាស្មោះនឹងយើងណាស់ ដ្បិតថាវាមិនចេះនិយាយ តែវាក៏ដឹងអ្វីល្អអ្វីអាក្រក់ វាមានទឹកចិត្តស្មោះត្រង់នឹងយើង វាស្រឡាញ់យើងពិតប្រាកដ មិនដូចមនុស្សមួយចំនួនទេ ចាំតែយើងភ្លេចខ្លួន គេនឹងធ្វើបាបយើងមិនខាន អ៊ីចឹងហើយបានបច្ចុប្បន្ន​មនុស្សល្អជាច្រើន សុខចិត្តចិញ្ចឹមឆ្កែឆ្មា សុខចិត្តនៅជាមួយសត្វ វាអាចឱ្យអារម្មណ៍ល្អច្រើនជាងនៅជាមួយមនុស្សខ្លះ។

ដូចពាក្យគេថា ” ឱ្យចំណីឆ្កែ ៣ថ្ងៃ វានឹងចងចាំយើង៣ឆ្នាំ ធ្វើល្អជាមួយមនុស្សខ្លះ៣ឆ្នាំ គេនឹងបំភ្លេចយើងត្រឹមតែ ៣ថ្ងៃ “ គឺមិនខុសនោះឡើយ ព្រោះមនុស្សមួយចំនួនមិនស្មោះ មិនមានភាពទៀងត្រង់ទេ យើងល្អនឹងគេ យើងលះបង់គ្រប់យ៉ាងដើម្បីគេច្រើនប៉ុនណា ច្រើនឆ្នាំយ៉ាងណា ក៏គេមិនចាំដែរនេះគេហៅថា មនុស្សរមិឡគុណ មិនដូចសត្វទេ យើងចិញ្ចឹមវា ឱ្យចំណីវាត្រឹមតែ៣ថ្ងៃ វានឹងចង់ចាំយើង៣ឆ្នាំ ឬអាចមួយជីវិតផងក៏ថាបាន។

ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវចាំណា សម្រាប់ជនជាតិផ្សេង ជាពិសេសគឺជនជាតិជប៉ុន តាមដែលបានដឹង គឺគេឱ្យតម្លៃសត្វឆ្កែ សត្វឆ្មា ខ្ពស់ជាងមនុស្សទៅទៀត ព្រោះសត្វទាំងនេះ ល្អ ស្មោះត្រង់នឹងមនុស្ស ច្រើនជាងមនុស្សមួយចំនួនឆ្ងាយណាស់​​ ៕