រាជធានីភ្នំពេញ៖ លោក Christan Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានអញ្ជើញទៅសួរសុខទុក្ខលោក កឹម សុខា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយផ្តោតសំខាន់លើបញ្ហាសុខភាពរបស់លោក កឹម សុខា។
មន្ត្រីជំនិត លោក មុត ចន្ថា បានបញ្ជាក់ថា៖ «ជំនួបនេះមិនខុសអ្វីពីជំនួបមុនៗទេ ឯកឧត្តមអគ្គរដ្ឋទូត គាត់បានមកសម្តែងការសួរសុខទុក្ខ ក៏ដូចជាពិភាក្សាអំពីបញ្ហាសុខភាព ព្រោះបង ប្អូនឃើញហើយនៅក្នុងសេចក្តីសម្រេចរបស់តុលាការ ការបន្ធូរបន្ថយលក្ខខណ្ឌចំពោះការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការហ្នឹង គឺផ្អែកលើបញ្ហាសុខភាព»។

លោក មុត ចន្ថា បានបន្តទៀតថា ក្រៅពីនោះនៅក្នុងជំនួបក៏មានការជជែកអំពីបញ្ហាប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ លោកអះអាងថា៖ «ហើយក៏បានជជែកគ្នាអំពីបញ្ហាប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា រួមគ្នាកសាងប្រជាធិបតេយ្យទៅមុខទៀត និងផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ»។

លោកបន្តថា លោកអគ្គរដ្ឋទូតបានរំលេចប្រាប់លោក កឹម សុខា អំពីសេចក្តីថ្លែងការណ៍របស់អឺរ៉ុប កាលពីម្សិលមិញ។ ជំនួបនោះ មិនមានជជែកពាក់ព័ន្ធនឹងលោកសម រង្ស៊ី នោះទេ។

លោកកឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកែប្រែលក្ខខណ្ឌខ្លះ ដោយសម្រេចឱ្យលោកដើរទៅទីណាក៏បាន នៅក្នុងប្រទេសកម្ពុជា លើកលែងតែចេញទៅក្រៅប្រទេស ។ ដ្បិតអាចដើរគ្រប់ទីកន្លែងបានមែន ប៉ុន្តែលោកកឹម សុខា នៅគ្មានសិទ្ធិធ្វើសកម្មភាពនយោបាយដដែល។ ជាពិសេសលោក កឹម សុខា ត្រូវឆ្លើយតបនឹងការកោះហៅរបស់សមត្ថកិច្ចគ្រប់ពេល ដោយសារនៅតែស្ថិតនៅក្នុងការតាមដានរបស់តុលាការ៕