នៅព្រឹកថ្ងៃព្រហស្បតិ៍១១កើត ខែកត្តិក ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
នៅក្នុងពិធីប្រកាសផ្សព្វផ្សាយនេះដែរ សម្ដេចហ៊ុន សែន បានស្នើសុំដល់ប្រជាពលរដ្ឋឲ្យមានការយោគយល់ដោយថា ចាប់ពីពេលនេះរហូតដល់ខែឧសភាឆ្នាំក្រោយ កម្ពុជាអាចប្រឈមនឹងបញ្ហាខ្វះអគ្គិសនីប្រើប្រាស់ដូចខែប្រាំងឆ្នាំនេះទៀត។
សម្ដេចបានបន្តទៀតថា សុំទោសពលរដ្ឋជាមុនលើការផ្គត់ផ្គង់អគ្គសនី ដោយថា ចាប់ពីពេលនេះទៅ ស្ថានភាពទឹកមិនអាចផ្ដល់គ្រប់គ្រាន់ក្នុងការបង្វិលតួប៊ីនវារីអគ្គិសនីបានគ្រប់គ្រាន់នោះទេ។ បញ្ហានេះអាចអូសបន្លាយដល់ខែឧសភា ឆ្នាំ២០២០ខាងមុខ គឺពេលនោះកម្ពុជាដំឡើងម៉ាស៊ីនភ្លើងចំនួន២ដែលមានកម្លាំង៤០០មេហ្គាវ៉ាត់នៅក្បែភ្នំពេញរួច។ មិនត្រឹមតែប៉ុនណ្ណឹងសម្ដេចក៏បានបញ្ជាក់ទៀតថា៖
« សូមអំពាវនាវចំពោះម្ចាស់សណ្ឋាគារទាំងឡាយដែលមានម៉ាស៊ីនភ្លើងខ្លួនឯង នៅពេលដែលមានការចាំបាច់ហើយត្រូវការកាត់ភ្លើងហ្នឹងក៏ត្រូវការប្រើប្រាស់ម៉ាស៊ីនហ្នឹងបណ្ដោះអាសន្នសិន ទំរាំរដ្ឋរឹងដៃរឹងជើងដំឡើងអានេះ (ម៉ាស៊ីនភ្លើង២ នៅជាយក្បែរក្រុង) បានគឺយើងផ្គត់ផ្គង់បានហើយ ចាប់ពីខែឧសភាទៅ » ។
បើតាមសម្ដីសម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន បើទោះបីកម្ពុជាមានលទ្ធភាពផ្គត់ផ្គង់ភ្លើងបាន ១៣២៨មេហ្គាវ៉ាត តែបច្ចុប្បន្ន ខ្លួនអាចផលិតភ្លើងបានចន្លោះពី ១៨០មេហ្គាវ៉ាត់ ដល់ ៦៨៧មេហ្គាវ៉ាត់ប៉ុណ្ណោះ ដោយសារការខ្សត់ខ្សោយទឹក។
ក្នុងរដូវប្រាំងឆ្នាំនេះ ពលរដ្ឋកម្ពុជាជាច្រើនគ្រួសាររងការប៉ះពាល់ពីការដាច់ចរន្តអគ្គិសនី ដោយរដ្ឋាភិបាលថាបណ្ដាលមកពីកង្វះថាមពល ដោយសារខ្វះទឹកសម្រាប់បង្វិលតួប៊ីនទំនប់វារីអគ្គិសនី ទោះជាយ៉ាងណា ខ្លួននឹងខិតខំធ្វើការដោះស្រាយមិនឱ្យមានបញ្ហានេះកើតឡើងឡើយនៅខែប្រាំងឆ្នាំ២០២០ ៕