រាជធានីភ្នំពេញ៖ បុរសម្នាក់ បានបើករថយន្តកាមរីបាឡែន បំណងចូលទៅកាត់សក់ក្នុងហាង «សម័យទំនើប» ហើយទំនងជាចេះបើករថយន្តស្ទើរភ្លើង បានជាន់ហ្វ្រាំង តែច្រឡំជាន់ហ្គា បណ្តាលឲ្យរថយន្តស្ទុះទៅបុកទម្លុះចូលក្នុងហាងកាត់សក់ខាងលើ បណ្តាលឲ្យជាងកាត់ប្រុសស្រីចំនួន៣នាក់រងរបួសធ្ងន់ និងបែកបាក់ខូចខាតរបស់ក្នុងហាង។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២២៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។


ប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-5868 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ បានបត់ចង្កូតចូលកាត់សក់ ក្នុងហាង “សម័យទំនើប” ស្រាប់តែពេលនោះ ម្ចាស់រថយន្តបានជាន់ហ្វ្រាំងច្រឡំហ្គារ ក៏ធ្វើឲ្យរថយន្តស្ទុះទៅបុកទម្លុះទ្វារកព្ចាក់ចូលទៅក្នុង បណ្តាលឲ្យជាងកាត់សក់ប្រុសស្រី៣នាក់រងរបួសធ្ងន់ ហើយថែមទាំងបែកកញ្ចក់ និងកៅសីកាត់សក់ទៀតផង។


ក្រោយកើតហេតុ សមត្ថកិច្ចបានហៅរថយន្ដសង្គ្រោះបន្ទាន់ ដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែក ម្ចាស់រថយន្ដត្រូវបានសមត្ថកិច្ចឃាត់ខ្លូនយកទៅប៉ុស្តិ៍ ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយជនរងគ្រោះទាំង៣នាក់ និងម្ចាស់ហាងកាត់សក់ខាងលើនៅពេលក្រោយ៕