បច្ចុប្បន្ននេះកសិករមានការយល់ដឹងច្រើននៅក្នុងវិស័យកសិកម្មមិនថាការចិញ្ចឹមសត្វ ដាំដំណាំ សុទ្ធតែមានបច្ចេកទេសថ្មីៗក្នុងការបង្កបង្កើនផលដើម្បីធ្វើយ៉ាងណាផ្គត់ផ្គង់តម្រូវការទីផ្សារឲ្យមានទាន់ពេលវេលា។
ក៏ដូចជាការដាំដំណាំហូបផ្លែប្រជាកសិករយើងតែងតែប្រើវិធីបំបៅរុក្ខជាតិហូបផ្លែដូចជា ស្វាយ ល្មុត ធុរេន ដើម្បីបង្កាត់ពូជរុក្ខជាតិជំនួសការយកកូន ឬគ្រាប់ទៅដាំ ក៏ព្រោះតែវិធីបំបៅហើយយកទៅដាំបែបនេះ វាទទួលបានលទ្ធផលល្អ និងរហ័សជាងការយកកូនតូចៗ ឬយកគ្រាប់ទៅដាំ។
ខាងក្រោមនេះជាវិធីបំបៅមែកស្វាយ ដោយយកឫសរបស់វាទៅបំបៅជាមួយមែក សូមមើលពីវិធីធ្វើដូចខាងក្រោមនេះ៖
+សម្ភារៈប្រើប្រាស់
-កូនកាំបិតស្រួច
-ឫសស្វាយ
-ដើមស្វាយដែលធ្លាប់មានផ្លែល្អៗ មិនធ្លាប់មានជម្ងឺ និងផ្លែច្រើន
-ខ្សែប្លាស្ទិចសម្រាប់រុំ
-ថង់ដាក់ល្បាយស្រកីដូង លាយជាមួយកំទេចស្លឹករុក្ខជាតិខ្លះ។
+របៀបធ្វើ
– រកមើលមែកស្វាយ ដែលល្អទំហំប្រមាណប៉ុនកដៃ
– យកកាំបិតចិតសំបកមែកនោះជុំវិញ ៤កន្លែង ដោយចិតយកទំហំធំជាងឫសបន្តិច
– ចិតឫសសម្រាប់យកមកបំបៅនេះឲ្យបញ្ឆិត និងស្រួចប្រវែងសរុបប្រមាណ ២តឹក និងយកវាទៅដាក់ភ្ជាប់ទៅលើមែកស្វាយ ដែលចិតសំបករួច ហើយយកខ្សែរុំវាឲ្យជាប់
– យកថង់ដែលមានស្រកីដូងរួចនោះ មកចងផ្អោបជុំវិញកន្លែងបំបៅឲ្យជាប់ ហើយជៀរសំបកជុំវិញ ដែលស្ថិតនៅខាងក្រោមកន្លែងបំបៅនោះចេញ
– ស្រោចទឹករាល់ថ្ងៃ រយៈពេលប្រមាណ ២ខែ វានឹងចាប់ផ្តើមមានឫស ហើយនៅពេលដែលវាមានឫសច្រើនហើយអ្នកអាចយកវាមកដាំបានហើយ។
បើចង់ដឹងថាបានផល ឬក៏មិនបានផលយ៉ាងណា កសិករគួរតែសាកល្បងអនុវត្ដន៏ដោយខ្លួនឯងនិងព្យាយាមស្វះស្វែងរកនូវឯកសារមួយចំនួន ឬសិក្សាពីអ្នកដែរមានជំនាញនោះទើបជាការល្អប្រសើរ ៕