ខេត្តស្ទឹងត្រែង ៖ បើតាមព័ទ៌មានជាបឋមអោយដឹងថា មានការផ្ទុះមួយនៅលើអាកាស ហើយបានធ្លាក់បំណែកដែកជាច្រើនមកលើផ្ទះប្រជាពលរដ្ឋ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកម៉ោង៦និង១០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅចម្ងាយប្រមាណ៤គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ឡាវ ។
បើតាមលោក ម៉ៅ តារា ស្នងការខេត្តស្ទឹងត្រែង បានឱ្យដឹងថា ហើយពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ ។ បំណែកដែកទាំងនោះធ្លាក់លើទឹកដីកម្ពុជា នៅចំណុច (0608105-1533936) ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង មានចំនួនតិចតួចប៉ុណ្ណោះ ប៉ុន្តែធ្លាក់នៅលើទឹកដីឡាវ ក្នុងខេត្តអាតាពើ មានបំណែកចំនួនច្រើន ។ លទ្ធផលនៃការស្រាវជ្រាវយ៉ាងណានោះ លោកនឹងជម្រាបជូនពេលក្រោយទៀត ។
ដោយឡែកបើតាមការឱ្យដឹងពីនគរបាលការពារព្រំដែន បាននិយាយថា មានបំណែកដែកជាច្រើនបានធ្លាក់ពីលើអាកាសមកដីនេះ ដោយមិនដឹងថា ជាវត្ថុអ្វីអោយប្រាកដនោះទេ តែសង្ស័យថា ជាយន្តហោះគ្មានមនុស្សបើក Drone ប្រភេទធំ ។
ប្រភពដដែលបន្តថា ឮសូរលំឡេងផ្ទុះខាងលើនេះ នៅក្បែរព្រំដែនប្រទេសឡាវ មកដល់ក្រុងស្ទឹងត្រែងតែម្តង ។ រីឯបំណែកទាំងនោះ ត្រូវបានសមត្ថកិច្ចប្រមូលបានមួយចំនួន មករក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលឃុំថាឡាបរិវ៉ាត់ ដើម្បីធ្វើការស៊ើបអង្គេតបន្តទៀត ៕