រាជធានីភ្នំពេញ ៖ យុវជនម្នាក់កំពុងជិះម៉ូតូតែម្នាក់ឯង តាមផ្លូវបេតុងមួយកន្លែង ក្នុងសង្កាត់ទួលសង្កែទី១ ខណស្ងាត់ជ្រាបថ្ងៃចូលឆ្នាំប្រពៃណីជាតិផង ស្រាប់តែជួបជនសង្ស័យ៥នាក់ ជិះម៉ូតូម៉ាកឌ្រីម C125 ៣គ្រឿង មកកៀរឲ្យឈប់ រួចធ្វើសកម្មភាពវាយម្នាក់មួយដៃមួយជើង ព្រមទាំងគំរាមឲ្យថយចេញពីម៉ូតូ ហើយឲ្យប្រគល់សោម៉ូតូឲ្យពួកវា បន្ទាប់មកជនសង្ស័យបានលើកយកម៉ូតូ ជិះគេចខ្លួនយកទៅលាក់ទុកនៅក្នុងដីឡូមួយកន្លែង នៅភូមិ២ សង្កាត់ជ្រោយចង្វារ ។
ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងនគរបាលខណ្ឌឬស្សីកែវ ស្រាវជ្រាវតាមចាប់ខ្លួនបាន៤នាក់ រត់គេចខ្លួនម្នាក់ កាលពីវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះសំណាក់មួយកន្លែងយីហោ “មហាលាភ” ផ្លូវលេខ២៧៣ ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានទាំង៤នាក់ មានឈ្មោះដូចជា ទី១.ឈ្មោះ ចាន់ សម្ភស្ស ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។ ជនសង្ស័យទី២.ឈ្មោះ គ្រឿន ធារ៉ូត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ (មានសារធាតុញៀន) ។ ទី៣.ឈ្មោះ សៅ មករា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិ២ សង្កាត់ជ្រោយចង្វារ (មានសារធាតុញៀន)។ និងទី៤.ឈ្មោះ ម៉ាត់ ម៉ាន់ស៊ូត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិចាម សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ (មានសារធាតុញៀន)។ ចំណែកបក្ខពួកគេម្នាក់ទៀត ដែលគេចខ្លួនបាត់ មិនត្រូវបានស្គាល់ឈ្មោះនោះទេ ។
រីឯជនរងគ្រោះមានឈ្មោះ គង់ សារី ភេទប្រុស អាយុ២១ឆ្នាំ មានមុរបរជាងសំណង់ ស្នាក់បន្ទប់ជួល ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ម៉ូតូជនសង្ស័យប្លន់យកទៅនោះ ម៉ាកឌ្រីមC125 ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HF-1348 បានប្រគល់ជូនជនរងគ្រោះវិញ ។
លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា យោងតាមសាកសួរយកចម្លើយករណីវាយយកម៉ូតូC125 របស់ជនរងគ្រោះកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ដែលកម្លាំងអធិការដ្ឋានបង្ក្រាបជាក់ស្តែងជនសង្ស័យមានចំនួន៤នាក់នោះបានសារភាពថាពួកខ្លួនធ្លាប់បានធ្វើសកម្មភាពឆក់ចំនួន១៤លើក នៅក្នុងរាជធានីភ្នំពេញក្នុងថ្ងៃមិនចាំខែ៣ ឆ្នាំ២០១៩ ។
-លើកទី១ នៅកោះពេជ្រកន្លែងស្ពាននាគឆក់ទូរស័ព្ទ(ជនបរទេស)
-លើកទី២ នៅមុខវត្តឧណ្ណាលមឆក់ទូរស័ព្ទ(ជនបរទេស)
-លើកទី៣-ផ្លូវសហព័ន្ធរុស្ស៊ីមុខគណរដ្ឋមន្ត្រី ឆក់ទូរស័ព្ទ(ជនបរទេស)
-លើកទី៤ ទី៥ នៅម្តុំផ្សារកណ្តាល ឆក់ទូរស័ព្ទ (ជនបរទេស)
-នៅសល់ប៉ុន្មានកន្លែងទៀតជនសង្ស័យពុំចាំទីកន្លែងពេលវេលាទេព្រោះឆក់ច្រើនពេក។ ពេលធ្វើសកម្មភាពឆក់បានហើយជនសង្ស័យយកទៅលក់នៅផ្សារទួលគោកមនុស្សប្រុសម្នាក់អត់ស្គាល់ឈ្មោះ ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕