ខេត្តកំពង់ធំ៖ មន្ត្រីនគរបាលពាក់ស័ក្តិ៤ ផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបម្នាក់ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចាប់ខ្លួនបានកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ហើយការចាប់ខ្លួននេះដែរ ធ្វើឡើងបន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ហើយប្រាប់ថា ខ្លួនទិញថ្នាំញៀនពីមន្ត្រីនគរបាលពាក់ស័ក្តិ៤ខាងលើ ។
ជនសង្ស័យឈ្មោះ មួន វិទូ ជាមន្ដ្រីនគរបាលពាក់ស័ក្តិ៤ ល្បីខាងរកស៊ីជួញដូរគ្រឿងញៀន ជាយូរឆ្នាំមកហើយ និងតែងតែអួតខ្លួនថា គ្មានសមត្ថកិច្ចណា ហ៊ានបង្ក្រាបខ្លួននោះទេ ព្រោះខ្លួនជាមន្ដ្រីធំ ។ មុនឈានដល់ការចុះចាប់ខ្លួន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធជួញដូរគ្រឿងញៀន នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយបានបញ្ជូនមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ទើបសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនបានទិញបន្តពីឈ្មោះ មួន វិទូ ជាមន្ដ្រីនគរបាលពាក់ស័ក្តិ៤ ។
បន្ទាប់ពីមានការចង្អុរបង្ហាញដូចនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាប់ខ្លួនមន្ត្រីនគរបាលរូបនោះ យោងតាមការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
ក្រោយឃាត់ខ្លួនបានហើយ ក៏បានបញ្ជូនខ្លួនមកស្នងការខេត្តកំពង់ធំ ជាមួយនឹងវត្ថុតាងមួយចំនួនដូចជា ថ្នាំញៀនចំនួន២៦កព្ចាប់ និង ទូរស័ព្ទដៃ២គ្រឿង។ ខណៈនេះ ជនសង្ស័យ ត្រូវបានឃុំខ្លួន នៅស្នងការខេត្តកំពង់ធំ រង់ចាំការសួរនាំ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ តាមនីតិវិធីច្បាប់ ៕
សហការី KBN