ភ្នំពេញ ៖ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការជួសជុលផ្លូវដែលខូចឲ្យកាន់តែងាយស្រួល និងមានភាពប្រសើរឡើងនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចបង្កើនកម្មវិធីថ្មីមួយមានឈ្មោះថា «ROAD CARE» ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋរាយការណ៍ព័ត៌មានពាក់ព័ន្ធផ្លូវខូចកាន់តែងាយស្រួល និងបានឆាប់រហ័សតាមរយៈទូរស័ព្ទដៃ (Smart Phone) ។
«កម្មវិធីថែទាំផ្លូវ ROAD CARE» ត្រូវបានរៀបចំធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន ។
កម្មវិធីរាយការណ៍ព័ត៌មានផ្លូវខូចនេះ ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នេះហើយ ។
សូមបញ្ជាក់ថា កម្មវិធីនេះ មានដាក់នៅលើ Play Store រួចរាល់ហើយ ដូច្នេះប្រជាពលរដ្ឋដែលប្រើប្រាស់ទូរស័ព្ទដូចជា Sumsong Huawei Oppo ជាដើមនោះ អាចចូលទៅទាញយកកម្មវិធីនេះមកប្រើប្រាស់បាន ។ ប៉ុន្តែ ប្រជាពលរដ្ឋដែលប្រើប្រាស់ iphone មិនទាន់ទាញយកមកប្រើបាននៅឡើយ ដោយក្រុមការងារបច្ចេកទេស កំពុងដាក់សំណើដាក់បញ្ចូលទៅក្នុង App Store ។
កម្មវិធីនេះ អាចឲ្យប្រជាពលរដ្ឋទាញយកមកប្រើប្រាស់បាននៅលើទូរស័ព្ទដៃ ដើម្បីថតរូបភាព ជង្ហុកសម្បុកមាន់ ផ្ញើមកក្រុមការងារបច្ចេកទេសក្រសួងភ្លាមៗ។ បន្ទាប់ពីទទួលបានរូបភាពរួចហើយ ក្រុមការងារក្រសួងនឹងចុះត្រួតពិនិត្យ និងជួសជុលភ្លាមៗ ដើម្បីបង្ការ កុំឲ្យរីករាលដាលកាន់តែធំ ដែលអាចបង្កគ្រោះថ្នាក់ចរាចរដល់អ្នកធ្វើដំណើរ ។
ការប្រើប្រាស់ ប្រព័ន្ធAppថ្មីនេះ គឺវាមានសារៈសំខាន់ណាស់ សម្រាប់ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការផ្ដល់ព័ត៌មាន និងថតរូបភាពផ្លូវខូច និងផ្លូវដែលមានសម្បុកមាន់ច្រើន ផ្ញើបញ្ជូនមកក្នុង ប្រព័ន្ធAppនេះ ដើម្បីក្រុមការងារដោះស្រាយភ្លាមៗ ។ App នេះ មានភាពវ័យឆ្លាត ការចងក្រងផ្លូវគ្រប់រាជធានី ខេត្ដ រងការប៉ះពាល់ សម្បុកមាន់ និងបានបង្ហាញកាន់តែច្បាស់លាស់ ខណៈពេលដែលបងប្អូនប្រជាពលរដ្ឋបានថតផ្ញើរូបភាពចូលក្នុងប្រព័ន្ធនេះ ។
ឯកឧត្តម ស៊ុន ចាន់ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងសាធារណៈការ ធ្លាប់អះអាងថា ប្រព័ន្ធ App ទំនើបនេះ គឺល្អណាស់ ដោយសារតែនៅពេលដែលមានការបញ្ចូនរូបមកភ្លាមវាចេញ ពណ៌ ក្រហម និងដឹងព័ត៌មានពិតប្រាកដ ថាតើសម្បុកមាន់នេះ ឬកន្លែងផ្លូវខូចនេះនៅត្រង់ណា ម្ដុំណា ផ្លូវណាមួយ ។ លើសពីនេះទៀត ក្នុងពេលទទួលបានព័ត៌មាននេះ ក្រសួងនឹងផ្ដល់ជូន ទៅឱ្យមន្ទីរសាធារណការរាជធានី ខេត្ដ ឬមន្ដ្រីជំនាញក្រសួង ដើម្បីចុះទៅពិនិត្យ និងជួសជុល សម្បុកមាន់តាមកន្លែងដែលបានខូចនោះ។ ឯកឧត្តមបានបន្ដថា ក្រោយពីការជួសជុលកន្លែង សម្បុកមាន់នេះរួច ហើយថតរូបភាពដាក់បញ្ជូលក្នុងប្រព័ន្ធAppនេះ ត្រឡប់មកវិញ វានឹងក្លាយ ជាពណ៌បៃតង ។
តាមរយៈប្រព័ន្ធ Appនេះ ក៏មានដាក់ឈ្មោះប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥ រាជធានី ខេត្ដ ដើម្បីឱ្យប្រជាពលរដ្ឋស្គាល់មុខមន្ត្រី និងដាក់បង្ហោះចំនួនផ្លូវខូច ផ្លូវមានសម្បុកមាន ប៉ុន្មានសរុបប្រចាំខែ បានជួសជុលរួចនៅតាមរាជធានី ខេត្ដនីមួយៗ ដើម្បីឱ្យបានដឹងទាំងអស់គ្នាផងដែរ ៕