ភ្នំពេញ ៖ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៣ ធ្នូ ២០១៨ មានការភ្ញាក់ផ៌្អើលមួយដោយសារបុរសម្នាក់បានដេកលង់លក់មួយភាំង ធ្វើអោយកូនប្រុស អាយុ៣ឆ្នាំ ដើរវង្វេងចេញបាត់ពីផ្ទះ មិនដឹងទៅណា ។ ប៉ុន្តែសំណាងល្អ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកូនប្រុស ក៏នាំយកទៅប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ខណ្ឌសែនសុខ ។
ក្មេងប្រុស ដែលវង្វេងបាត់ពីផ្ទះ មានឈ្មោះហេង មាន អាយុ៣ឆ្នាំ ស្នាក់នៅក្រោមបន្ទុកស្ត្រីជាម្តាយ នៅម្តុំភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកឪពុកមានឈ្មោះសាក មិថុនា អាយុ៣៦ឆ្នាំ ជាបុគ្គលិកសណ្ឋាគារតារាអ៊ែរផត ស្នាក់នៅផ្ទះជួលក្បែរវត្តទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
បើតាមសមត្ថកិច្ច អោយដឹងថា បុរសជាឪពុក បានលែងលះគ្នា ជាមួយប្រពន្ធអស់រយៈពេល៣ឆ្នាំហើយ ដោយប្រគល់កូនប្រុសតូច ដែលសព្វថ្ងៃមានអាយុ៣ឆ្នាំ ទៅឱ្យប្រពន្ធជាអ្នកចិញ្ចឹមបីបាច់ លុះនឹកកូនប្រុសពេក ក៏ទៅសុំយកកូនមកលេង១ថ្ងៃ ស្រាប់តែរវល់ដេកលក់មួយភាំង កូនប្រុសក៏ដើរវង្វេងចេញបាត់ពីផ្ទះ ទំនងទៅរកផ្ទះម្តាយវិញ ។
ក្រោយមក ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ តាមផ្លូវ ក៏សួរនាំ និងនាំយកទៅប្រគល់ឱ្យសមត្ថកិច្ច នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ខណ្ឌសែនសុខ ដើម្បីស្វែងរកឪពុកម្តាយ ឲ្យមកទទួលយកកូនវិញ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ក៏បានធ្វើកិច្ចសន្យាប្រគល់ក្មេងប្រុសខាងលើ ទៅឲ្យបុរសជាឪពុក យកត្រឡប់ទៅផ្ទះវិញ៕