ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានបង្កើតគណនីក្លែងក្លាយជាច្រើន ដោយដាក់ប្រូហ្វាល់ រូបស្រីស្អាត និងប្រុសស្អាត រួចអេតទៅជនរងគ្រោះ(ទាំងស្រីទាំងប្រុស) ហើយប្រើល្បិចបោកអារម្មណ៍សណ្តំរូបកាយឲ្យទន់ទោរតាមពាក្យលួងឆាតទៅទំនាក់ទំនងក្នុងន័យស្នេហា ក្នុងគោលបំណងផ្លាស់ប្តូររូបអាក្រាតគ្នាទៅវិញទៅមក ។
ក្រោយពីជនសង្ស័យបានរូបអាក្រាតទាំងនោះហើយ ប្រើប្រាស់ដើម្បីគំរាមយកប្រាក់ពីជនរងគ្រោះ បើមិនព្រមផ្ញើឲ្យ គេនឹងបង្ហោះរូបភាព និងវីដេអូទៅឲ្យបងប្អូនសាច់ញាតិ ។
ទោះជាយ៉ាងណា កម្លាំងនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនជនសង្ស័យបានកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ប៉ុន្តែនៅមិនទាន់បង្ហាញពីអត្តសញ្ញាណ ជនសង្ស័យ វ័យជាង២០ឆ្នាំ នៅឡើយទេ ។
បើតាមសមត្ថកិច្ច អោយដឹងថា បុរសទុច្ចរិកខាងលើ បានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយរាប់សិបអាខោន ដែលដាក់រូបប្រូហ្វាល់ជាស្រីស្អាតក៏មាន រូបប្រុសស្អាតក៏មាន និងព្យាយាមអេតហ្វ្រេន ទៅគ្រប់ទិសទី និងឆាតនិយាយសាងស្នេហា រហូតមានអ្នកខ្លះជ្រុលខ្លួនលង់ស្រលាញ់បានសម្រេច បុរសកំហូចបានទទូចឲ្យមានការឆាតរូបអាក្រាតកាយ ឬ វីដេអូអាក្រាត ដើម្បីបញ្ជាក់ពីក្តីស្រលាញ់ទៅវិញទៅមក ។ ពេលបានរូប ឫវីដេអូដល់ដៃហើយ ចាប់ផ្តើមឆាតគំរាមទម្លាយរូបជាសាធារណៈ ឬគំរាមថា នឹងផ្ញើរូបអាក្រាតនោះ ទៅសាច់ញាតិ ប្រសិនបើមិនផ្ញើលុយឲ្យ ទេនោះ ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាមានការប្រុងប្រយ័ត្ន កុំទទួលអេតហ្វ្រេន (accept friends) ជនណាដែលអ្នកមិនស្គាល់ ព្រោះជនអគតិមួយចំនួន អាចប្រើប្រាស់គណនីក្លែងក្លាយ ដើម្បីបោកប្រាស់ និងគំរាមទារប្រាក់ជាដើម ៕