ភ្នំពេញ៖ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣១ ឧសភា ឆ្នាំ២០១៨ អ្នករើសអេចាយ កាយគំនរសម្រាម ដើម្បីរកសំបកកំប៉ុង បានប្រទះឃើញទារកទើបនិងកើត ត្រូវគេយកទៅបោះចោល នៅគំនរសម្រាម គួរឲ្យរន្ធត់ក្រៃលែង ដោយហេតុការណ៍នេះ កើតឡើងនៅចំណុច មុខអគ្គីសនីទួលសង្កែ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយទារកកំសត់ដែលគេយក ទៅបោះចោលនោះ ភេទស្រី ត្រូវគេរុំជាមួយសារ៉ុងពណ៌លឿង លាយក្បាច់ផ្កាចម្រុះ ច្រកក្នុងថង់ ។

បើតាមការរៀបរាប់ ពីអ្នករើសអេតចាយ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បាននាំគ្នាទៅកាយគំនរសម្រាម ដើម្បីរើសយកសំបកកំប៉ុង ដូចរាល់ដង ស្រាប់តែពេលកំពុងតែកាយនោះ ក៏បានឮសូរសម្លេងទារកយំ ពេលនាំគ្នារកមើល ស្រាប់តែឃើញទារកនោះ ត្រូវគេច្រកក្នុងថង់មួយ ដែលទំនងប្រហែលជា គេទើបនឹងយកមកបោះចោល នៅកន្លែងខាងលើ។ គ្រាន់តែឃើញទារកនេះភ្លាម គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏បានស្រែកប្រាប់អ្នកដែលរស់នៅក្បែរនោះ ហើយក៏មានការភ្ញាក់ផ្អើលឡើង មានអ្នកខ្លះបានទូរស័ព្ទ ទៅកាន់វិទ្យុ ABC និងសមត្ថកិច្ចផងដែរ ។

បន្ទាប់ពីមានការរាយការណ៍ ទៅកាន់សមត្ថកិច្ចរួច ទារិកានោះត្រូវបានអនុញាតិឲ្យយកទៅ សង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយនឹងធ្វើការប្រគល់បន្ត ឲ្យទៅក្រុមការងារវិទ្យុ ABC មើលថែបន្ត ហើយខណៈពេលនេះ ទារិកាអភ័ព្វខាងលើ កំពុងតែត្រូវបាន ក្រុមគ្រូពេទ្យតាមដាន ពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់ផងដែរ ៕