ភ្នំពេញ៖ កំពុងរម្ងាស់ទឹកស៊ុប ស្រាប់តែផ្ទុះធុងហ្គាស កើតជាអគ្គិភ័យឆាបឆេះហាងស៊ុប ចង្កាក់ (Volcano) រងរបួសស្រាលពីរនាក់ ដែលហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវ១១២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបុគ្គលិកនៅហាងស៊ុបចង្កាក់ (Volcano) បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គឺពួកគេកំពុងរម្ងាស់ទឹកស៊ុបសុខៗ ស្រាប់តែផ្ទុះធុងហ្គាស កើតជាអគ្គិភ័យឆាបឆេះ​បណ្ដាលឱ្យ បុគ្គលិក ២នាក់ បានរងរបួសស្រាល(សើរស្បែក)។ ហើយភ្លាមៗនោះ កម្លាំងសមត្តកិច្ចមូលដ្ឋាន ​បានទាក់ទងទៅខាងរថយន្តពន្លត់អគ្គិភ័យមកដល់ចំណុចកើតហេតុ ជាបន្តបន្ទាបដើម្បីអន្តគមន៍បាញ់ពន្លត់ផងដែរ។

ករណីអគ្គិភ័យនេះដែរ រថយន្តពន្លត់អគ្គិភ័យបានមកដល់កន្លែងកើតហេតុចំនួន ៥គ្រឿង តែសមត្ថកិច្ចបានប្រើប្រាស់អស់ ៤គ្រឿង ទើបរលត់ទៅវិញជាស្ថាពរ ។ ក្នុងករណីអគ្គីភ័យនេះដែរ លោកឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងសូមណូមពរដល់​ប្រជាពលរដ្ឋ ត្រូវមានបំពង់ពន្លត់អគ្គិភ័យនៅក្នុងផ្ទះ ដើម្បីងាយស្រួលក្នុងការបាញ់ពន្លត់ ជៀសវាងនៅគ្រោះអគ្គីភ័យនេះផងដែរ៕