ខេត្តតាកែវ៖ បុរសកំណាចម្នាក់ គ្រាន់តែឮប្រពន្ធមិនឲ្យងូតទឹកពាង ស្រាប់តែទាញកាំបិត កាប់ប្រហារទៅលើនាង បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិក្ងោកពង ឃុំពពេល ស្រុកត្រាំកក់។

មន្ត្រីនគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើហិង្សា ដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ទូច វលក្ខ័ អាយុ ៣២ឆ្នាំ ។ រីឯជនរងគ្រោះ ឈ្មោះ នាង សុផាត អាយុ៤៧ឆ្នាំ បានរងរបួសលើថ្ងាស ក្បាល លើចិញ្ចើមខាងស្ដាំ រយះប្រវែង១តឹក ត្រូវស្មាខាងស្ដាំ ដេរ២០ថ្នេរ ត្រូវលើក្បាលជង្គង់ខាងស្ដាំ ប្រវែង៣សង់ទីម៉ែត្រ។ ពួកគេទាំង២នាក់ប្ដីប្រពន្ធ រស់នៅក្នុងភូមិឃុំខាងលើ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវអំពើហិង្សានោះ ជនសង័្សយបានទៅដងទឹកពាងងូត ហើយប្រពន្ធក៏បានប្រាប់ទៅប្ដីថា ឪវាឯងកុំងូតទឹកពាងអី ទុកវាហូបទៅ។ គ្រាន់តែឮប្រពន្ធនិយាយបែបនេះ ស្រាប់តែបុរសជាប្ដីបានផ្ទុះកំហឹងយ៉ាងក្រេវក្រោធឡើង ស្ទុះទៅទាញកាំបិត កាប់ប្រហារទៅលើប្រពន្ធរបស់ខ្លួន បណ្ដាលឲ្យរងរបួសធ្ងន់។

ក្រោយពេលកើតហេតុ សាច់ញាតិបានដឹកស្រី្តរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុក។ រីឯបុរសជាប្តីកំណាច ត្រូវនគរបាលប៉ុស្តិ៍ឃាត់ខ្លួនបានភ្លាមៗ ហើយនាំទៅចាត់ការតាមច្បាប់៕