បុរសម្នាក់ជាជនជាតិបរទេស វ័យជាង៦០ឆ្នាំម្នាក់ សង្ស័យបែកថ្នាំ រត់ចេញពីសណ្ឋាគារនៅផ្លូវ១៣៦ ហើយរត់ចូលរថយន្តដែលកំពុងតែ បើកបរតាមផ្លូវសាធារណៈ ​បង្កអោយផ្អើលដល់សមត្ថកិច្ច ចុះមកឃាត់​ខ្លាចមានគ្រោះថ្នាក់​ ដោយហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង 2និង10នាទីរំលងអាធាត្រឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវព្រះសីហនុ នៅចំណុចក្បែរនឹងរង្វ​ង់មូល សម្តេចជួនណាត ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​។

​សាក្សីដែលឃើញហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជាជនជាតិបរទេសមិនស្គាល់អត្តសញ្ញាណ វ័យ​ជាង៦០ឆ្នាំ អត់ពាក់អាវមានរូបរាងស្គមស្គាំង សង្ស័យ​បែកថ្នាំ បានជារត់ចេញពីសណ្ឋាគារនៅតាមផ្លូវ១៣៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ហើយព្យាយាមរត់ចូលរថយន្ត ដែលកំពុងតែធ្វើដំណើរ តាមដងផ្លូវ ព្រមទាំង​កាន់ដែកកែច្នៃ មួយនៅជាប់នឹងដៃ ដោយរត់តាំងពីវត្តភ្នំ រហូតដល់ជិតរង្វ​ង់មូល សម្តេចជួន​ណាត បង្កអោយមានការភ្ញាក់ផ្អើល ទៅដល់សមត្ថកិច្ច ប៉ុស្តិ៍ទន្លេបាសាក់ មកជួយអន្តរាគមន៍ឃាត់គាត់ កុំអោយរត់ចូលឡានទៀត នឹងលួងលោមគាត់អោយប្រាប់ក ន្លែងស្នាក់នៅរបស់គាត់ អស់រយះពេលជិតកន្លះម៉ោង ទើបយល់ព្រម ប្រាប់លេខទូរស័ព្ទម៉ូយម៉ូតូ ដែលតែងតែឌុប​គាត់ ។

ពេលម៉ូយម៉ូតូឌុបគាត់ មកដល់​កន្លែងកើតហេតុ បានប្រាប់ថា ជនជាតិបរទេសខាងលើនេះ បានឈ្លោះគ្នាជាមួយមិត្តស្រីគាត់ ហើយក៏រត់ចេញ ពីលើសណ្ឋាគារ​តែម្តង ហើយសមត្ថកិច្ចឆែកនៅក្នុងកាបូបគាត់ មើលឃើញមានតែកុំទ្យូទ័រមួយគ្រឿងនិងស្រាមួយដបតែប៉ុណ្ណោះ។ ក្រោយពេលកើតហេតុ ម៉ូតូឌុបក៏បានដឹកជនជាតិបរទេសនោះ ត្រឡប់ទៅសណ្ឋាគាររបស់គាត់វិញ ៕