ខេត្តកំពង់ចាម៖ ហេតុការណ៍ដ៏គួរឲ្យហួសចិត្តមួយ បានកើតឡើងនៅក្នុងឃុំព្រែកតានង់ ស្រុកកោះសូទិន ដោយបុរសវ័យចំណាស់ម្នាក់ បានឃើញក្រមុំម្នាក់ ដែលមានសតិមិនប្រក្រតី កំពុងតែដេកចាំផ្ទះតែម្នាក់ឯង ហើយខណៈពេលដែលឪពុកម្តាយរបស់នាង មិននៅផ្ទះផងនោះ ក៏បានបែកគំនិត ឡើងលបចូលក្នុងផ្ទះរបស់នារីរងគ្រោះ ហើយចាប់រំលោភនាង រហូតបានសម្រេច ដោយហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងទី១៧ ឧសភា ឆ្នាំ២០១៨ វេលាម៉ោង១១យប់ នៅក្នុងភូមិទី៦ ឃុំព្រែកតានង់ ស្រុកកោះសូទិន ។

បុរសចំណាស់ល្មោភកាម ដែលចាប់នារីរងគ្រោះខាងលើ មានឈ្មោះ ខៀវ អូន អាយុ៧៦ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ចំណែកនារីរងគ្រោះ ឈ្មោះ ស ឃ អាយុ២១ឆ្នាំ ជាមនុស្សមានសតិមិនសូវគ្រប់ មានទីលំនៅក្នុងឃុំជាមួយជនសង្ស័យនោះដែរ ។

បើតាមការរៀបរាប់ ឲ្យដឹងពីប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុ នារីរងគ្រោះត្រូវឪពុកម្តាយ ទុកឱ្យដេកនៅចាំផ្ទះតែម្នាក់ឯង ស្រាប់តែមានឱកាសស្ងាត់ល្អ នៅវេលាម៉ោង១១យប់ ក៏ស្រាប់តែជនសង្ស័យ បានលបឡើងមកលើផ្ទះនារីរងគ្រោះ បន្ទាប់មកក៏ធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈ ទៅលើនារីរងគ្រោះ រហូតដល់បានសម្រេចតែម្តង។ បន្ទាប់ពីធ្វើការរំលោភរួច ជនសង្ស័យបានចាកចេញទៅបាត់ នារីរងគ្រោះក៏បានរៀបរាប់រឿងទាំងអស់ ប្រាប់ឪពុកម្តាយរបស់នាង ហើយឪពុកម្តាយរបស់នាង បានដឹងរឿងហើយ ក៏ទៅដាក់ពាក្យបណ្តឹង ប្តឹងទៅលើបុរសវ័យចំណាស់ខាងលើភ្លាមៗផងដែរ ។

បន្ទាប់ពីទទួលបាន ពាក្យបណ្តឹងពីឪពុកម្តាយរបស់នារីរងគ្រោះភ្លាម សមត្ថកិច្ចក៏បាននាំកម្លាំង ចុះទៅឃាត់ខ្លួនបុរសខាងលើ យកមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕