រថយន្ត២គ្រឿង បានបុកគ្នានៅផ្លូវបំបែកជា៥ ធ្វើឲ្យ​រថយន្តមួយគ្រឿង ជ្រុលទៅបុករបង វត្តមហាមន្ត្រី បណ្តាលអោយរងការខូចខាត ហេតុការណ៍បានកើតឡើង កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅចំនុចផ្លូវ284កែងនឹងផ្លូវ173 ខាងក្រោយវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ។

ប្រ​ភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញមានរថយន្ត មួយគ្រឿងម៉ាក កាម៉ារី ស៊េរីចាស់មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2I:4334 ​បើកបរ តាមផ្លូវ173 ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំនុចផ្លូវបំបែកជា៥ ស្រាប់តែមានរថយន្ត មួយគ្រឿងទៀត ម៉ាកlexus RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT:6487 ​បើកបរដោយ នារីមួយក្រុមមានគ្នាប្រមាណជា៤នាក់ បានធ្វើដំណើរដំណើរ តាមផ្លូវ២៨៤ ក្នុងទិសដៅពីកើតទៅលិច មកចំនុចកើតហេតុ ក៏បានបុកគា្នជាមួយ រថយន្តកាមរី បណ្តាលឲ្យរថយន្តlexus នោះខ្ទាតទៅបុក និងរបងវត្ត​ខូចខាតតិចតួច ចំណែករថយន្តកាមរី ខ្ទេចមួយកំណាត់មុខ ហើយអ្នកបើកបរ រថយន្តទាំង២នោះ ពុំមានអ្នកណារងរបួសទេ គ្រាន់តែខូចខាត​រថយន្ត​ប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ ម្នាក់ក្នុងចំណោមអ្នកនៅក្នុងរថយន្ត ឡិចស៊ីសខាងលើ គឺជាតារាចម្រៀងឈ្មោះ តន់ ច័ន្ទសីមា ហើយនាងបានរៀបរាប់ ប្រាប់ថា ខ្លួន និងមិត្តភ័ក្តជាច្រើននាក់ទៀត ទើបតែចេញពីខួបកំណើត បានបើករថយន្ត Lexus ខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៤ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនល្មម និងបានបើកឆ្លងកាត់ ផ្លូវលេខ១៧៣ តែបំពានស្លាកសញ្ញាចរាចរណ៍ ក៏ត្រូវរថយន្ត Camary ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2I-4334 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៧៣ ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿនមកបុក ទើបមិនទាមទារសំណង ហើយភាគីខាងរថយន្ត Camary វិញ ក៏មិនចង់មានរឿងវែងឆ្ងាយដែរ ទើបយល់ព្រមបញ្ចប់រឿង នៅមុខសមត្ថកិច្ចតែម្ដង។

ក្រោយកើតហេតុ រថយន្តទាំង២គ្រឿង បានចចារគ្នា ដោយភាគីខាងរថយន្តlexus បានយករថយន្ត​កាមរី ទៅជួសជុលជូនម្ចាស់គេវិញ ចំណែករបងវត្ត ដែលខូចខាតនោះ ខាងសមត្ថកិច្ចបានទាក់ទងទៅខាង គណៈកម្មការវត្ត សួរនាំសំណងនៃការខូចខាត ហើយគណៈកម្មការ ប្រាប់ថារបងវត្តនោះ ជារបស់រួមរបស់ញាតិញោម ពុទ្ធបរិស័ទចំណុះជើងវត្ត ដូច្នេះខាងវត្តមិនបានដាក់តម្លៃនោះទេ គឺអោយភាគីរថយន្ត​បង្ក ជួយចេញតាមសទ្ធា ក្រោយមកខាងភាគីរថយន្តបង្ក បានរ៉ៃលុយគ្នាបានមួយចំនួនប្រគល់ អោយសមត្ថកិច្ច ដើម្បីសងទៅខាងវត្តបន្ត ដើម្បីបញ្ចប់រឿង ៕