ភ្នំពេញ៖ កាលពីព្រឹកមិញ នាវេលាម៉ោងប្រហែលជា១០ព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨នេះ មានករណីដ៏ភ្ញាក់ផ្អើលទៀតហើយ ដោយសាររថភ្លើង បានបុករថយន្តហាយឡែនដឺរ ១គ្រឿង ធ្លាក់ពីលើផ្លូវគួរឲ្យរន្ធត់ តែសំណាងល្អ ពុំមានមនុស្សគ្រោះថ្នាក់ដល់ជីវិតឡើយ ។

បើតាមអ្នកឃើញហេតុការណ៍ បានបញ្ជាក់ថា មុនពេលកើតហេតុ រថយន្តហាយឡែនដឺរ បានបើកឡើងចំណោតផ្លូវរថភ្លើង តែមិនបានដឹងថា រថភ្លើងកំពុងតែមកដល់នោះឡើយ លុះពេលបើកឡើងចំណោទផ្លូវដែកបានបន្តិច ស្រាប់តែរថភ្លើង១ខ្សែ ដែលធ្វើដំណើរទៅកាន់ក្រុងព្រះសីហនុ បានមកដល់ល្មម ហើយបានបុកចំក្បាលរថយន្ត ប៉ើងធ្លាក់ពីចំណោតផ្លូវដែក ធ្លាក់ទៅក្បែរផ្ទះរបស់ប្រជាពលរដ្ឋដែលនៅក្បែរនោះ។

ក្នុងហេតុការណ៍ខាងលើនេះ ពុំបណ្តាលឲ្យមានមនុស្ស រងរបួសធ្ងន់ ឬគ្រោះថ្នាក់ដល់ជីវិតនោះទេ តែរថយន្តហាយឡែនដឺរ បានរងការខូចខាតខាងមុខ យ៉ាងដំណំផងដែរ៕