កាលពីវេលាម៉ោងប្រហែល១០និង៣៥នាទី ថ្ងៃទី២៨ មេសា ២០១៨នេះ មានករណីបុរសម្នាក់ បានចុះពីលើឡាន លោតសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ លិចទៅក្នុងទឹកបាត់តែម្តង ធ្វើឲ្យក្រុមគ្រួសារមានការតក់ស្លុត នាំគ្នាចុះទូកទៅរក តែហាក់ដូចជាគ្មានសង្ឃឹមថា អាចសង្គ្រោះគាត់បានឡើយ ព្រោះតែបុរសរងគ្រោះ លិចទៅក្នុងទឹកបាត់ស្រមោលទៅហើយ ហើយខណៈពេលនោះ គេបានឃើញស្ត្រីម្នាក់ ដែលជាគូរដណ្តឹង របស់បុរសរងគ្រោះ ស្រែកទ្រហោយំនៅក្បែរឡាន បាឡែនពណ៌សមួយគ្រឿង។

បើតាមការឲ្យដឹង ពីសមត្ថកិច្ចបានប្រាប់ថា ដំបូងគេបានឃើញនារីម្នាក់ ឈរយំតែម្នាក់ឯងនៅក្បែរ រថយន្តបាឡែនមួយគ្រឿង ដែលចតអែបនៅលើស្ពានជ្រោយចង្វារ ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានសួរនាំ ហើយនាងក៏បានប្រាប់ថា គូរដណ្តឹងរបស់នាង បានលោតចុះពីលើស្ពាន សម្លាប់ខ្លួនបាត់ហើយ។

ស្ត្រីជាគូរដណ្តឹងរបស់បុរសដែលលោត សម្លាប់ខ្លួនខាងលើ មានឈ្មោះ រចនា អាយុ៣០ឆ្នាំ បានរៀបរាប់ប្រាប់ថា គូរដណ្តឹងរបស់នាង ឈ្មោះ ដែង សុវណ្ណឌឿន មុខរបរជាមន្ត្រីយោធា អាយុ៣២ឆ្នាំ ហើយមុនពេលកើតហេតុ នាងនិងគូរដណ្តឹង បានបើកឡានមកពីញ៉ាំការគេ នៅព្រែកលាភ ហើយក៏បានមានទំនាស់ ពាក្យសម្តីគ្នានៅក្នុងរថយន្ត ដោយពេលនោះ នាងគឺជាអ្នកបើករថយន្ត ។

បន្ទាប់ពីឈ្លោះប្រកែកគ្នាបណ្តើរ បើកឡានបណ្តើរ ពេលមកដល់លើស្ពានជ្រោយចង្វារ ស្រាប់តែគូរដណ្តឹងរបស់នាង ប្រាប់ឲ្យនាងឈប់ឡាន ព្រោះខ្លួនត្រូវការចុះទៅបត់ជើងតូច។ ពេលនោះនាងមិនបានចាប់អារម្មណ៍ទេ បានឈប់រថយន្តតាមពាក្យរបស់គូរដណ្តឹង តែអ្វីដែលនាងស្មានមិនដល់ គឺគូរដណ្តឹងនោះ បានដើរទៅរកបង្កាន់ដៃស្ពាន លោតចូលក្នុងទឹកស្រស់ៗតែម្តង ។

បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង បានធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណើរ បានឈប់មើលផងដែរ ដោយសារតែចង់ដឹងពីមូលហេតុ ដែលធ្វើឲ្យបុរសខាងលើ សម្រេចចិត្តលោតចូលក្នុងទឹក ដោយគ្មានស្តាយស្រណោះអ្វីទាំងអស់ បន្ទាប់មកសាច់ញាតិខាងបុរសរងគ្រោះ ក៏បានមកដល់ហើយនាំគ្នា ចុះទៅខាងក្រោមស្ពាន រកជួលទូកដើម្បី ស្វែងរកសពរបស់បុរសរងគ្រោះផងដែរ៕