កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃសៅរ៍ ទី២៨ ខែមេសា ២០១៨នេះ មានករណីរថយន្ត ហាយលែនឌឺមួយគ្រឿង បានបោះពួកយ៉ាងលឿន បុកលូរដែលគេទុកចោលនៅលើ ចិញ្ចើមផ្លូវបណ្តាលឲ្យរួញមុខខ្ទេច ហើយបានបណ្តាលឲ្យប្រុសស្រី ៥នាក់រងរបួសស្រាល បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ នាំគ្នាចុះមើលយ៉ាងច្រើនផងដែរ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅចំណុចមុខវត្ត គោកអម្ពិល តាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ ហើយមុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿង ម៉ាក​ Highlander ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ 2V-2848 បើកបរដោយបុរសម្នាក់​ រួមដំណើរដោយ មនុស្សប្រុសស្រី៤នាក់ទៀត ធ្វើដំណើរ​ពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន តាមផ្លូវ៦០ម៉ែត្រ​ លុះមកដល់ចំណុចកើតហេតុ មុខវត្តគោកអម្ពិល ក៏បានរេចង្កូតទៅបុកលូ ដែលគេទុកចោលនៅលើចិញ្ចើមផ្លូវ ពេញទំហឹង បណ្ដាលអោយរថយន្ត ផ្ទុះពោងសុវត្ថិភាពទាំងអស់ និងរងការខូចខាត ​ខ្ទេចមួយកំណាត់មុខ​យ៉ាងដំណំ បើកទៅមុខលែងរួចតែម្តង។

យោងតាមសម្តីរបស់សមត្ថកិច្ច នគរបាលជើងឯក បានប្រាប់អោយដឹងថា​ ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះ មិនបណ្ដាលឲ្យមនុស្ស រងរបួសធ្ងន់នោះទេ គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ និងមិនបណ្ដាលអោយខូចខាត សម្បត្តិរដ្ឋនោះទេ ក្រោយកើតហេតុសមត្ថកិច្ច ប៉ុស្តិ៍នគរបាលជើងឯក បានចុះជួយសម្រួលចរាចរណ៍ និងរងចាំម្ចាស់រថយន្តទាក់ទង ហៅរថយន្តមកស្ទូចយករថយន្តទៅយានដ្ឋាន ដើម្បីធ្វើការជួសជុល ៕