ខេត្តព្រះសីហនុ៖ កាលពីប៉ុន្មានថ្ងៃមុន មានការភ្ញាក់ផ្អើលនៅក្នុងបណ្តាញសង្គមហ្វេសប៊ូក ពេលដែលគេបានឃើញ ក្មេងប្រុស៣នាក់ មានអាការៈវង្វេងវង្វាន់ស្មារតី ខុសពីធម្មតានោះ ហើយត្រូវបានគេសង្ស័យថា ជាប្រភេទថ្នាំសាហាវម្យ៉ាង ដែលធ្វើឲ្យមនុស្សឆ្កួតដូចជាខ្មោចឆៅ តែបើតាមរបាយការណ៍សមត្ថកិច្ច បានបញ្ជាក់ថា ករណីក្មេងខាងលើ គឺដោយសារតែពុលថ្នាំគ្រវី (អ៉ិចស្តាហ្សី) ។

ក្មេងរងគ្រោះទាំង៣នាក់ មានទីលំនៅក្នុងខេត្តព្រះសីហនុ ដោយទី១ឈ្មោះ ឆ.វ ភេទប្រុស ​អាយុ១០ឆ្នាំ ទី២ ឈ្មោះ រ.ត.ន ភេទប្រុស ​អាយុ​៨ឆ្នាំ ទី៣ ឈ្មោះ រ.ធ ភេទប្រុស​ អាយុ​៧ឆ្នាំ ហើយក្រោយពីយកទៅមន្ទីរពេទ្យ ឲ្យក្រុមគ្រូពេទ្យធ្វើការពិនិត្យ និងបន្សាបថ្នាំញៀនរួចមក ក្មេងរងគ្រោះទាំង៣ ត្រូវបានអង្គការម្លប់តាប៉ាង ដែលមានស្នាក់ការនៅខេត្តព្រះសីហនុ ទទួលយកទៅមើលថែ និងផ្តល់ជំនួយបន្ថែមផ្សេងៗ បន្ទាប់មកក៏បានប្រគល់ ក្មេងទាំង៣នាក់នោះ ទៅឲ្យឪពុកម្តាយ មើលថែវិញ ។

បើតាមការរៀបរាប់ របស់សមត្ថកិច្ច បានបញ្ជាក់ពីរឿងរ៉ាវនោះថា មុនពេលកើតហេតុ ព្រឹកថ្ងៃទី២៧ មេសា ២០១៨ ឈ្មោះ វ៉ន វត្ថា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅក្នុងក្រុម២៣ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ មុខរបរបុគ្គលិកធ្វើការក្នុងក្លិបកំសាន្តមួយ ដែលមានទីតាំងក្នុងក្រុងព្រះសីហនុ ដោយរូបគេបានយកដបទឹកថ្នាំ ដែលឃើញគេបោះចោលក្នុងធុងសម្រាម យកមកលាយជាមួយទឹកក្រូច ហើយបានហៅក្មេងៗទាំង៣ខាងលើ មកផឹកដោយប្រាប់ថា ទឹកទំពាំងបាយជូរ ។

ដោយឮយុវជនខាងលើ ប្រាប់ថាជាទឹកទំពាំងបាយជូរ ក្មេងប្រុសទាំង៣នាក់ បាននាំគ្នាផឹកអស់ម្នាក់ ពីរទៅបីកូនកែវ រួចហើយបាននាំគ្នាដើរត្រលប់ទៅផ្ទះវិញ ។ ក្រោយពីក្មេងទាំង៣នាក់ ដើរទៅដល់ផ្ទះ បានមួយសន្ទុះស្រាប់តែមានអាការៈ ស្រវឹង រវើរវាយ ដូចមនុស្សឆ្កួត ហើយបានប្រកាច់ធ្វើឲ្យក្រុមគ្រួសារ មានការភ័យខ្លាច បាននាំយកមកមន្ទីរពេទ្យដើម្បីឲ្យ វេជ្ជបណ្ឌិតជួយសង្គ្រោះ ។

បន្ទាប់ពីក្មេងប្រុសទាំង៣ ស្វាងពីការវង្វេងវង្វាន់ ហើយរៀបរាប់ពីហេតុការណ៍រួច សមត្ថកិច្ចបាននាំកម្លាំង ចុះទៅឃាត់ខ្លួនយុវជនខាងលើ ដែលបានឲ្យថ្នាំញៀនលាយជាមួយទឹកក្រូច ហើយប្រាប់ថា ជាទឹកទំពាំងបាយជូរនោះ យកមកសាកសួរ ហើយយកទឹកនោះមកធ្វើការពិសោធន៍មើល ក៏បានរកឃើញទឹកនោះ មានផ្ទុកសារធាតុញៀន ប្រភេទអ៊ិចស្តាហ្ស៊ី ៕