សិល្បៈ៖ ធ្លាប់តែស្គាល់លោកតា ព្រើង វណ្ណៈ ដែលលោកតែងតែបង្ហាញមុខនៅក្នុងរឿងជាច្រើនដែលភាគច្រើនសម្ដែងជាតួមេភូមិ ឥសី និង តួឪពុកជាដើម ប៉ុន្តែស្រាប់តែថ្មីៗនេះ ក្រុមការងារសារព័ត៌មាន KBN បានជួបព្រមទាំងបានសម្ភាសន៍ខ្លះៗទាក់ទងនឹងជីវិតរបស់លោកតាបច្ចុប្បន្នផងដែរ ។

លោកតា ព្រើង វណ្ណៈ បច្ចុប្បន្នមានអាយុ ៨០ឆ្នាំ មានស្រុកកំណើតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម និងសព្វថ្ងៃរស់នៅសង្កាត់ទន្លេបាក់សាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយប្រកបរបជួសជុលនាឡិកា នៅផ្សាបឹងកែងកក ។

លោកតាបានរៀបរាប់ឱ្យដឹងថា លោកតាមានកូន ២នាក់បច្ចុប្បន្នបន្តអាជីពជួសជុលនាឡិកាពីលោកតា ។ ក្រៅពីអាជីពជាជាងជួសជុលនាឡិកានេះ លោកតា ព្រើង វណ្ណៈ បានឆ្លៀតសម្ដែងឱ្យផលិតកម្មជាច្រើនក្នុងស្រុក និងរាប់រយរឿងមកហើយ ប៉ុន្តែមិនដែលបានសម្ដែងជាតួឯកឡើយ ពោលគឺបានត្រឹមតួ មេភូមិ ឥសី និង តួឪពុកជាដើម មិនត្រឹមតែប៉ុណ្ណោះលោកតាក៏ធ្លាបមានឱកាសបានសម្ដែងឱ្យផលិតកម្មក្រៅស្រុកផងដែរ ។

លោកតាដដែលបានបន្តថា សម្រាប់ការថតរឿងឱ្យផលិតកម្មក្នុងស្រុកលោកទទួលបានចំនូនក្នុងមួយថ្ងៃពី ៣០ ទៅ ៤០ដុល្លារ ចំណែកថតឱ្យផលិតកម្មក្រៅស្រុកលោកទទួលបាន ២០០ដុល្លារក្នុងមួយថ្ងៃ ។ ជាចុងក្រោយលោកតា បាននិយាយថា លោកតាពិតជាចង់ចូលរួមក្នុងកម្មវិធីទូរទស្សន៍ខ្លាំងណាស់ ប៉ុន្តែពុំមានស្ថាននីយទូរទស្សន៍ណាមួយអញ្ជើញគាត់សោះ ។

សូមបញ្ជាក់ថា លោកតា ព្រើង វណ្ណៈ ធ្លាប់បានសម្ដែងជាច្រើនរឿងណាស់មកហើយ ប៉ុន្តែរឿងថ្មីដែលលោកតាទើបតែសម្ដែងចប់ក្នុងនោះមានរឿង «អាទិត្យវង្សាសុរិយាវង្ស (រឿងភាគបុរាណខ្មែរ)» «ហ្លួងព្រះស្ដេចកន» និងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ៕
សហការី KBN