សិល្បៈ៖ មានអ្នកគាំទ្រជាច្រើនស្គាល់ច្បាស់រួចមកហើយ នូវតារាសម្ដែងសាច់ដុំធំ រាងមាំ លោក សុខ ដែន ដែលមិនត្រឹមតែជាតារាសម្ដែងខ្សែភាព និង MV តែប៉ុណ្ណោះទេ បច្ចុប្បន្នលោកថែមទាំងជាអ្នកដឹកនាំថត MV ទៀតផង នេះបើយោងតាមការរៀបរាប់របស់លោកជាមួយក្រុមការងារ KBN ។

លោក សុខ ដែន បានឱ្យដឹងថា បច្ចុប្បន្នបន្ទាប់ពីសម្រាកពីការងារ លោកបានឆ្លៀងតពេលផលិតបទចម្រៀង ដោយសម្រេចបានជាច្រើនបទមកហើយ ក្នុងនោះបទដ៏ទទួលបានការចាប់អារម្មណ៍មានបទ មន្តគាថាស្នេហ៍, នៅស្រឡាញ់តែមិនអាចដូចដើម, ចូលមករាំនឹងបង, បងនេះរាំខុសគេ, អូនជាកម្លាំងចិត្ត, សុំយកប្រពន្ធធម៌, ជាដើម ប៉ុន្តែក្នុងនោះមានបទ ចូលមករាំនឹងបង និង បងនេះរាំខុសគេ ទទួលបានការចាប់អារម្មណ៍ខ្លាំងផុតនាកំលុងរាំលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលកន្លងផុតទៅថ្មីៗនេះ ។ ក្រៅពីផលិត MV លោក ក៏បានផលិតនូវភាពយន្តខ្នាតខ្លី និងខ្នាតធំជាច្រើនទៀតផងដែរ ។

ជាមួយគ្នានេះ លោក សុខ ដែន បាននិយាយថា នៅថ្ងៃអនាគត ប្រសិនបើមានលទ្ធភាពគ្រប់គ្រាន់ លោកនឹងបង្កើតផលិតកម្មមួយផ្ទាល់ខ្លួន ដើម្បីផលិតបទចម្រៀង និងភាពយន្ត ដើម្បីបម្រើអារម្មណ៍ទស្សនិកជនទូទៅ ។

សូមបញ្ជាក់ដែរថា លោក សុខ ដែន ជាតារាសម្ដែងម្នាក់ ដែលវិវឌ្ឍពីអ្នកក្បាច់គុណបុរាណខ្មែរ និង ហ្វ៊ីដូ ។ ឆ្នាំ ១៩៩៧ លោកគឺជាកីឡាករកាយសម្ព័ន្ធ និងជាប់ជាជម្រើសជាតិផ្នែកកាយសម្ព័ន្ធ នៅឆ្នាំ ២០០០ ព្រមទាំងមានឱកាសបានទៅប្រកួតតំណាងជាតិ នៅឆ្នាំ ២០០៦ ។

នៅឆ្នាំ ២០០៦ នោះដែរ សុខ ដែន ក៏មានឱកាសបានចូលប្រឡូកក្នុងសិល្បៈប៉ុន្តែនៅមិនទាន់ពេញលេញនៅឡើយ ដោយនៅជាប់ជាមួយការងារកីឡាករខ្លះៗ រហូតមកដល់ឆ្នាំ ២០០៨ លោកក៏បានចូលប្រឡូកពេញទំហឹងព្រមទាំងបានសម្ដែងក្នុងរឿងជាច្រើនចាប់ពីពេលនោះមកមានដូចជា រឿង «រន្ទះជើងក្នុងភ្លក់ភ្លើងវណ្ណៈ» «បន្ទាប់សង្គ្រៀមកូនភ្លោះ» «ខ្មោចពោះធំ» «រង្គសាលពិឃាត» «ល្បុកតោចម្លែក» «លត់ដែកថែប» «ហ្លួងព្រះស្ដេចព្រះកន» «ខ្មោចស៊ីឈ្នួល» «កំពូលអ្នកស៊ើបអង្កេត» ។

ក្រៅពីថតភាពយន្តនៅមានថត MV ជាច្រើនទៀត ដូចជាបទ «ប្រពន្ធរត់ចោល» បានធ្វើឱ្យលោកទទួលបានភាពជោគជ័យយ៉ាងខ្លាំង ហើយសម្រាប់ការសម្ដែងក្នុងបទនេះដែរ គែបន្ទាប់ពីលោកឈប់សម្រាករយៈពេល ៣ឆ្នាំ ទៅបម្រើការងាររាជការ ៕
សហការី KBN