ខេត្តស្ទឹងត្រែង៖ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៥ មេសា ២០១៨ មានករណីរន្ទះបាញ់ ឪពុកនិងកូន បណ្តាលឲ្យរបួសធ្ងន់ ដោយខ្លោចស្បែកខ្មៅរោលពេញខ្លួន ហើយត្រូវបានគេបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ខណៈពេលដែលឪពុកនិងកូនទាំង២ កំពុងតែប្រក់ដំបូលផ្ទះ ដែលត្រូវខ្យល់កន្ត្រាក់ធ្វើឲ្យប៉ើងដំបូលនោះ ។

ហេតុការណ៍នេះ បានកើតឡើងនៅផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅចំណុចផ្លូវបំបែកអូរស្វាយ ក្រោយសាលារៀនរិទ្ធីស សែនជ័យ២ ភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខណៈពេលដែលមេឃងងឹត ហើយមានខ្យល់កន្ត្រាក់និងភ្លៀងស្រិចៗនោះ ។

យោងតាមអ្នកជិតខាង ដែលរស់នៅក្នុងភូមិខាងលើ បានរៀបរាប់ប្រាប់ថា នៅថ្ងៃកើងហេតុខាងលើ បុរសរងគ្រោះជាឪពុកឈ្មោះ វ៉ាន់ថា អាយុ៤៧ឆ្នាំ និងកូនប្រុសឈ្មោះ ថា គីស អាយុ១៤ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ បាននាំគ្នាប្រក់ដំបូលផ្ទះឡើងវិញ ព្រោះត្រូវខ្យល់កន្ត្រាក់ធ្វើឲ្យប៉ើងរបើកជាអន្លើរៗ ហើយបុរសជាឪពុក បានបបួលកូនប្រុស កាន់ស័ង្កសីឡើងទៅប្រក់ដំបូលឡើងវិញ ស្រាប់តែអនិច្ចាររន្ទះបាញ់ផាំង គេបានឃើញឪពុកនិងកូន ដេកនៅលើដី ហើយស្បែកឡើងរោលខ្មៅ ដូចគេយកភ្លើងដុត។

ឃើញដូច្នោះអ្នកជិតខាង ក៏បានបញ្ជូនជនរងគ្រោះឪពុកនិងកូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តែសំណាងល្អដែលពួកគេទាំង២របួសធ្ងន់ មិនបាត់បង់ជីវិត ហើយបច្ចុប្បន្នឪពុកនិងកូន កំពុងតែដេកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ៕