រាជធានីភ្នំពេញ៖ ក្រោយពីការឃុំខ្លួន មួយរយៈក្នុងពន្ធនាគាររួចមក លោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានធ្វើការសាកសួរអ្នកបំរើ នៅផ្ទះរបស់ជនរងគ្រោះ នៅថ្ងៃ២៦ មេសា ២០១៨នេះ ជុំវិញករណីឃាតកម្មលើរូប អ្នកនាង ចេវ សុវឌ្ឍនា ហើយជាលទ្ធផលនៃការសាកសួរនេះ គឺខាងមន្ត្រីតុលាការអះអាងថា នេះជារឿងសម្ងាត់ មិនអាចទម្លាយឲ្យដឹងជាសាធារណៈនោះឡើយ ។

គួររំលឹកដែរថា ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បានសម្រេចចេញដីការឃុំខ្លួន លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងបក្ខពួក៣នាក់ទៀត និងសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី៣ មេសា ២០១៨ ហើយបានសម្រេចដោះលែង មនុស្ស២នាក់ផ្សេងទៀត ឲ្យមានសេរីភាពឡើងវិញផងដែរ ដោយសារតែមិនជាប់ពាក់ព័ន្ធ ទៅនិងករណីខាងលើនេះ ។

ដោយឡែក អ្នកនាំពាក្យអយ្យការ​ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក លី សុផាណា បានថ្លែងប្រាប់​ថា អយ្យការបានសម្រេចបើកការស៊ើបសួរ ដោយចោទប្រកាន់ទៅលើ ឈ្មោះ ឡាយ វណ្ណៈ​ និងឈ្មោះ ឡាយ ណារិទ្ធ ពីបទឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ហើយចោទប្រកាន់ទៅលើ ឈ្មោះ ម៉េន សាម៉ៃ និងឈ្មោះ ជឹម វុធ ពីបទលាក់បាំងតម្រុយ តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ ។

យោងតាមច្បាប់ក្រមព្រហ្មទណ្ឌ បានចែងថា មាត្រា១៩៩៖ បទឃាតកម្ម៖ អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា​២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ) នៃក្រមនេះ គឺជាឃាតកម្ម។ ឃាតកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០(ដប់)​ឆ្នាំ ទៅ១៥(ដប់ប្រាំ)ឆ្នាំ។

មាត្រា៥៣២៖ បទលាក់បំបាំងតម្រុយ៖ អំពើកែប្រែ លុបបំបាត់ ឬលាក់បំបាំងតម្រុយ ឬស្លាកស្នាម នៅលើទីកន្លែងនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ក្នុងគោលបំណងធ្វើជាឧបសគ្គ ដល់ការស្វែងរកឲ្យឃើញនូវការពិត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ទៅ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០(ពីរលាន)រៀល ទៅ៦,០០០,០០០(ប្រាំមួយលាន)រៀល៕