ខេត្តបាត់ដំបង៖​ ស្រ្ដី២នាក់ជាថៅកែហាង និងបុគ្គលិក ទើបនឹងចេញពីផឹកស្រវឹង បានបើកម៉ូតូយ៉ាងលឿន ជ្រុលចង្កូតទៅបុកគ្នា ជាមួយនឹងម៉ូតូមួយគ្រឿងទៀត ពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង កាលពីវេលា​ម៉ោង​ ៩​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០១៨​ នៅ​ក្នុង​​ភូមិ​រំចេក​១​ សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង​។

ប្រភពព័ត៌មាន បានឲ្យដឹងថា ម៉ូតូបង្ក ម៉ាកឃ្លីក ពណ៌​ស​ ស៊េរី​២០១៨​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1AC-0904​ ​បើកបរ​ដោយ​ ឈ្មោះ​ ឃ្លាំង​ ហេង​ ហៅ​ មុំ​ ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ​ មុខរបរ​ជា​បុគ្គលិក​ នៃ​អាហារ​ដ្ឋា​ន​មួយ​កន្លែង​ ស្ថិត​នៅ​ចំណុច​ចុង​តា​កុក​ ស្ថិតក្នុងភូមិរំចេក១ សង្កាត់រតនៈ មាន​លំនៅ​ក្នុងភូមិ​ថ្នល់បំបែក​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ និងអ្នករួមដំណើរជាមួយ ឈ្មោះ​ កង​ តឿ​ ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ​ មុខរបរ​ជា​ថៅកែ ​អាហារ​ដ្ឋា​ន​ខាងលើ មានលំនៅ​ក្នុងភូមិ​ជ្រៃ​កោង​ សង្កាត់​ស្លា​កែ​ត​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង។ រីឯម៉ូតូមួយគ្រឿងទៀត ម៉ាក​ស៊ុយ​ហ្ស៊ុយគីវីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ មិនស្គាល់ឈ្មោះអ្នកបើកបរ។

ប្រភពព័ត៌មានដដែល បានបន្តថា មុនពេលកើតមាន នូវគ្រោះថ្នាក់ចរាចរណ៍នោះ គេឃើញស្រ្ដី២នាក់ ដែលជាបុគ្គលិក និងថៅកែហាង បាន​ជិះម៉ូតូមួយគ្រឿង ទាំងសភាពស្រវឹងជោកជាំ។ លុះពេលពួកគាត់ធ្វើដំណើរ មកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀត ​ដែលបើកបញ្ច្រាសទិសគ្នា ពេញទំហឹង ដួលរដូករណែល បណ្ដាលសឲ្យរងរបួសទាំងសងខាង។

ក្រោយពេលកើតហេតុ ភាគី​ខាង​ម៉ូតូ​វី​វ៉ា​ត្រូវ​បងប្អូន ​បញ្ជូនទៅ​កាន់​មន្ទីរពេទ្យ​ មុន​ពេលសមត្ថកិច្ចចុះទៅដល់។ ចំណែក​ស្រ្ដីទាំង២នាក់​ខាង​លើ ត្រូវ​មន្ត្រីនគរបាល ​ចរាចរ​ផ្លូវគោក​ខេត្ត​ វាស់​កម្រិត​ជាតិ​អាល់កុល​ ប៉ុន្តែពួកគាត់​មិន​អាច​ផ្លុំ​កើត​ ដោយសារ​តែ​មាត់​បែក​ខ្លាំង​ពេក​។

បន្ទាប់មកសមត្ថកិច្ច បាន​បញ្ជូនពួកគាត់​ទៅ​កាន់ ​មន្ទីរពេទ្យ​វិសាល​សុខ​ ហើយត្រូវ​បាន​គ្រូពេទ្យ​អះអាង​ថា​ ស្រ្ដីទាំង២នាក់នេះ ធុំ​ក្លិន​ស្រា​ខ្លាំង​ណាស់​។​ ដោយឡែក​ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ​ ​ត្រូវមន្រ្ដីការិយាល័យ​ នគរបាល​ចរាចរណ៍​ផ្លូវគោក​ ខេត្តបាត់ដំបង​ វាស់វែង និងយក​ទៅ​រក្សា​ទុក ដើម្បីរង់ចាំចាត់ការ​បន្ត​នីតិវិធី​៕