ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិចិន បើកររថយន្តបង្កមួយគ្រឿងម៉ាក PORSCHE បើកបរក្នុងល្បឿនយ៉ានលឿន រេចង្កូតទៅបុកម៉ូតូឡាំម៉ាតា ចំនួន២គ្រឿង និងរទះលក់បបរនៅមុខផ្សារទំនើបអ៊ីអនម៉ល បណ្តាលឱ្យរងរបួសធ្ងន់ ២នាក់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី​ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង ១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវសុធារស នៅចំណុចមុខផ្សារអ៊ីអនម៉ល ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ ។

​សាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ស្រវឹងស្រា បើករថយន្តមួយគ្រឿងម៉ាក PORSCHE ពណ៌ស​ ​ពាក់ស្លាកលេខ ភ្នំពេញ 2T-9527 បើកបរតាមបណ្តោយផ្លូវសុធារស ក្នុងទិសដៅពីត្បូងទៅជើង ។

ខណៈពេលមកដល់ចំណុចកើតហេតុ ​ដោយសារតែផ្លូវ​កោងផង ហើយអ្នកបើកបរងោកមួយភាំងកាច់ចង្កូតមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូឡាំម៉ាតាអស់ចំនួន ​២គ្រឿង បណ្តាលឱ្យរងការខូចខាត ក្រពិតគូទក្រោយទាំង ២គ្រឿង បណ្តាលឱ្យរងការខូចខាតខ្ទេចអស់មួយកំណាត់ខាងស្តាំ សំណាងល្អហើយដែលម្ចាស់ឡាំម៉ាតា មិនមានរងរបួស គ្រាន់តែខូចខាតម៉ូតូ​ ​។

រថយន្តបង្កមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុក​រទេះលក់បបរធ្វើឱ្យកំពប់បបរពេញផ្លូវ និងរងរបួសធ្ងន់២នាក់ អ្នកលក់បបរត្រូវបានរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យរុស្សីដឹកយកទៅព្យាបាល ។ ភ្លាមៗនោះដែរ រថយន្តបង្កមិនបានឈប់នៅដោះស្រាយនោះទេ ក៏ព្យាយាមបើករត់គេចខ្លួនទៅដល់មុខបុរីវិមានកូឡាបមាត់ច្រកចូលកោះពេជ្រ ត្រូវបានសមត្ថកិច្ចឃាត់បានទាំងម្ចាស់រថយន្ត និងរថយន្តបង្ក ។
ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕