យុវជនពីរនាក់ ជិះម៉ូតូមួយគ្រឿង ឌុបសង្សារត្រលប់មកផ្ទះវិញ ហើយក៏ត្រូវបានក្រុមចោរ ប្រដាប់អាវុធមួយក្រុម ធ្វើសកម្មភាពភ្ជុងប្លន់យកម៉ូតូ បានសម្រេចជិះរត់គេចខ្លួន បាត់ស្រមោល ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខហាងកាហ្វេ យីហោ វ៉ាន មីង9 ខាងលិចស្តុបរង្វង់មូលកាំខូស៊ីធី ៥០០ម៉ែត្រ តាមបណ្តោយផ្លូវឧកញាម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់ទួលគោកសង្កែ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះ ពុំ ភារៈ អាយុ២២ឆ្នាំ មុខរបរជាជាង ជួសជុលរថយន្ត ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន។

បើតាមសម្តីពីជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិប្រុសម្នាក់ រួមទាំងនារីជាអ្នករត់តុ នៅហាងកាហ្វេ ដែលជាសង្សារ របស់ជនរងគ្រោះម្នាក់ទៀត ហើយបានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយស័រគីនិច សេរី០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GJ-5190 ដែលទើបតែជិះចេញ មកពីដើរលេងនៅម្តុំកោះពេជ្រ ហើយបំណងជិះជូន នារីជាសង្សារទៅផ្ទះវិញ ដែលនៅត្រង់ចំណុចកើតហេតុខាងលើ។

លុះមកដល់ចំណុចកើតហេតុ ដោយហាងកើតហេតុខាងលើ ត្រូវបិទទ្វារចាក់សោរពីខាងក្នុង ហើយជនរងគ្រោះ និងមិត្តភក្តិ រួមទាំងសង្សារ ក៏បានឈប់ម៉ូតូនៅខាងមុខហាង ដើម្បីរងចាំគេងើបមកបើកទ្វារហាង ឲ្យនារីជាសង្សារចូល។ ស្រាប់តែមួយសន្ទុះក្រោយមក ក៏ស្រាប់តែមាន ក្រុមចោរចំនួនពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបភី មិនចាំស្លាកលេខ ជិះមកក្រឡឹងជនរងគ្រោះ ពីរបីត្រឡប់។

បន្ទាប់មកក៏ក្រុ​មចោរ ប្រដាប់អាវុធខាងលើ រួមទាំងបក្សពួកបួននាក់ទៀត ជិះម៉ូតូពីរគ្រឿងមិនចាំម៉ាក ជិះមកជិតពួកគាត់ ហើយក៏បានធ្វើសកម្មភាព ប្លន់យកម៉ូតូរបស់ជនរងគ្រោះ ដោយមានបក្សពួកក្រុមចោរម្នាក់ ក្នុងចំណោមប្រាំមួយនាក់ បានដកកាំភ្លើងខ្លីមួយដើម មកភ្ជុងគំរាមកុំឲ្យស្រែក ហើយក្រុមចោរក៏បានយកម៉ូតូ របស់ជនរងគ្រោះ ជិះរត់គេចខ្លួន ភ្លាមនោះជនរងគ្រោះ បានស្រែកចោររត់ដេញតាម ហើយក៏ត្រូវក្រុមចោរ គប់មួយដុំថ្មត្រូវដៃ រួចក្រុមចោរក៏បន្ត ជិះរត់គេចខ្លួនបាត់ស្រមោល ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅ ដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលសង្កែទី២ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវ រកម៉ូតូរបស់ខ្លួនយកត្រលប់មកវិញ៕