និស្សិតប្រុសម្នាក់ ខំប្រឹងរៀនច្រើនពេក រហូតមានបញ្ហាសរសៃប្រសាទ បានសម្រេចចិត្តចង.កសម្លាប់ខ្លួន នៅ​ក្នុងបន្ទប់ជួលជាន់ទី១ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤ល្ងាចថ្ងៃទី២៥ ខែ មេសា ឆ្នាំ ២០១៨ នៅចំណុចផ្លូវ៤៥បេតេ ស្ថិតនៅភូមិយត្នោតជ្រំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។

បុរសចងកមានឈ្មោះ អ៊ុយ សត្យា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនិស្សិត សាលា​កសិកម្មព្រែកលៀប ផ្នែកសេដ្ឋកិច្ចឆ្នាំទី៤ មានស្រុកកំណើត នៅភូមិខ្លាគ្រឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។

ស្រ្តីបងបង្កើតមានឈ្មោះ អ៊ុយ លីឡា អាយុ៤៧ឆ្នាំ មុខរបរបុគ្គលិក ផ្នែកសំអាតតាមផ្ទះ ស្នាក់នៅខណ្ឌដូនពេញ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ ប្អូនប្រុសរបស់គាត់ម្នាក់ទៀត ​បាន​ទូរស័ព្ទមកប្អូនប្រុស អត់​ចូល តាំងពីម៉ោង៩ព្រឹក ហើ​យរវល់ការងារពេក ទាល់តែល្ងាចទំនេរ ពីការងារបានជិះម៉ូតូមកមើល ឃើញចងកសម្លាប់ខ្លួន ដោយយកខ្សែអង្រឹង ចងទៅចំរឹងដែកបង្អួច​មានសភាពស្លេកស្លាំង បាត់ទៅហើយ ។

ប្រភពដដែលបន្តទៀតថា ប្អូនប្រុសរបស់គាត់ រៀនច្រើនពេក កន្លងមកថ្មីៗនេះ មានបញ្ហាសរសៃប្រសាទ ហើយគាត់បានយកទៅពិនិត្យ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត តែគ្រូពេទ្យប្រាប់ថា មិនទាន់ធ្ងន់ធ្ងរទេ ។

ក្រោយកើតហេតុសាច់ញាតិ មិនបានប្តឹងប្តល់ទេ គ្រាន់តែសុំឲ្យសមត្ថកិច្ច ធ្វើកោសល្យវិច្ច័យ រួចយកសពទៅតម្កល់ធ្វើបុណ្យ តាមប្រពៃណីនៅវត្តសន្សំកុសល ៕