ខេត្តកណ្តាល៖ យុវជនម្នាក់បានប្រើល្បិចនាំស្រីស្នេហ៍ជាអនីតិជន ទៅលេងល្បែកផ្កាប់ផ្ងារអស់មួយយប់ ក៏ត្រូវម្ដាយរបស់នាងប្ដឹងទៅសមត្ថ​កិច្ច​ឲ្យចុះទៅឃាត់ខ្លួន កាលពី​​រសៀល ថ្ងៃ​ទី​២៤ ខែមេ​សា នៅ​ក្នុងភូមិ​ស្តៅ​កន្លែង​៥ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​។

បើតាមសម្ដីរបស់ជនរងគ្រោះបានឲ្យដឹងថា នាង និងជនសង្ស័យធ្លាប់មានទំនាក់ទំនងស្នេហានឹងគ្នា រហូតក្លាយទៅជាសង្សារ។ លុះមក​ដល់​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ សង្សាររបស់នាង (ជនសង្ស័យ) ​បាន​ចុចទូរស័ព្ទ​មកបបួល​នាងទៅ​លេង​ផ្ទះ​មិត្តភក្តិ​របស់​គេ​ម្នាក់ ​ឈ្មោះ អុ​ន រស់នៅ​ភូមិ​ស្តៅ​កន្លែង​៥ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ហើយ​នាងក៏បាន​យល់ព្រមទៅ​ជាមួយ។ នៅពេលឮថានាងយល់ព្រម ជនសង្ស័យក៏​បាន​ជិះ​ម៉ូតូ​ទៅ​ដឹក​នាង​ទៅ​ផ្ទះ​មិត្តរបស់គេ ​ហើយ​និយាយ​គ្នា​លេងនៅទីនោះមួយសន្ទុះធំ។ បន្ទាប់មកនាងបានប្រាប់​​ជនសង្ស័យ​ឲ្យជូន​នាងត្រឡប់ទៅ​ផ្ទះ​វិញ តែ​ជនសង្ស័យ​បានប្រាប់នាង​ថា «​យប់​ហើយ​ នៅ​ដេក​ទី​នេះ​ជាមួយ​គ្នា​មួយ​យប់​ទៅ​»។

ជនរងគ្រោះ បានបន្តថា ក្រោយមកជនសង្ស័យបាននាំនាងទៅដេកនៅលើគ្រែ នៅខាងក្រោមផ្ទះរបស់មិត្តភក្ដិរបស់គេ។ ស្របពេលយប់​ស្ងាត់ មិនមានអ្នកណានៅជិតផងនោះ ជនសង័្សយក៏បានរួមភេទជាមួយនាងបានសម្រេចមួយដង។ លុះដល់ពេលយប់ជ្រៅ គេក៏ចង់រួម​ភេទម្ដងទៀត តែត្រូវនាងបដិសេធ ទើបគេសម្ងំនៅស្ងៀម ហើយដេកឱបនាង រហូតដល់វេលាម៉ោង៤ទៀតភ្លឺ ថ្ងៃទី២៣ ខែមេសា ទើប​ជន​សង្ស័យ​​ជូន​នារី​រង​គ្រោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ នៅពេលនោះ ម្ដាយរបស់នាងបានជជីកសួរ ទើបនាងរៀបរាប់តាមដំណើររឿងទៅ។ លុះមក​ដល់វេលាម៉ោង២រសៀល ​ថ្ងៃ​ទី​២៤ ខែមេ​សា ឆ្នាំ២០១៨ ​ម្តាយ​របស់នាងបានទៅ​ដាក់​ពាក្យបណ្តឹង​ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដីឥដ្ឋ​ ដើម្បី​​សុំឲ្យសមត្ថកិច្ចចាត់ការលើជនសង្ស័យ។

មន្ត្រីនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណីរួមភេទជាមួយនឹងអនីតិជន ហើយត្រូវសមត្ថកិច្ចឃាត់​ខ្លួន​នោះ ​ឈ្មោះ ស៊ុ​យ រតនា អាយុ​២០​ឆ្នាំ មុខរបរ​ជាកម្មករ មាន​លំនៅ​ក្នុងភូមិ​ស្រែ​អំពិល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ​។ រីឯជនរងគ្រោះ ឈ្មោះ ក គ អាយុ១៥ឆ្នាំ ​រស់នៅក្នុងខេត្តកណ្ដាល។

មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីមានពាក្យបណ្ដឹងពីអាណាព្យាបាលរបស់ជនរងគ្រោះភ្លាម សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជន​សង្ស័យនាំមកសាកសួរតាមនីតិវិធី។ នៅពេលនោះ ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​នាំសង្សាររបស់គេមក​រួម​ភេទប្រាកដ​មែន​»​។ ប៉ុន្តែក្រោយពេលចាប់ខ្លួន ក្រុម​គ្រួសារ​ជនសង្ស័យ​បានព្យាយាម​​ផ្សះផ្សា​ជាមួយនឹង​ម្តាយ​ជន​រង​គ្រោះ ដោយលើកហេតុផល​ថា «​កូន​ៗស្រលាញ់​គ្នា ហើយអង្ករក្លាយទៅជាបាយទៅហើយ ​គួរតែ​រៀប​ការ​ឲ្យ​ពួកគេទៅ​»។ ដោយឡែក​ម្តាយរបស់​ជន​រង​គ្រោះ ​ហាក់​មាន​បំណង​ចង់​ឲ្យ​កូន​ជួប​គ្នាដែរ ប៉ុន្តែអ៊ំរបស់​ជន​រង​គ្រោះ​បានជំទាស់​ ដោយ​ផ្អែក​ថា ​ក្មួយរបស់គាត់​នៅ​ក្មេង ​មិនទាន់​គ្រប់​អាយុ​​ត្រូវ​រៀប​ការ​ទេ»​។

មន្ត្រីនគរបាលដដែល បានបន្តថា ទោះជាយ៉ាងណា ជនសង្ស័យនៅតែ​ទទូច​សុំ​ឲ្យ​ឪពុក​ម្តាយ​របស់​ខ្លួន ​សម្របសម្រួល​ជាមួយម្តាយ​ខាង​ស្រី​ដើម្បីបើកផ្លូវ​ឲ្យពួកគេ​ទាំង​ពីរ​នាក់​បាន​ជួប​គ្នា​។ ប៉ុន្តែ​គិតពីផ្លូវច្បាប់វិញ គឺ​វាសនា​របស់​ជនសង្ស័យ​ គេច​មិនផុត​ពី​គុ​កនោះទេ តែបើមាការយោគយល់ពីរា​ម្តាយ​ខាង​ស្រី​ជា​អ្នក​សំរេច ទើបអាចសង្ឃឹមខ្លះ៕