ភ្នំពេញ៖ ស្ត្រីម្នាក់មានប្ដីរួចទៅហើយ បែរជាផិតក្បត់ប្ដី លួចទៅលេងល្បែងផ្កាប់ផ្ងារជាមួយបុរសម្នាក់ដែលមានប្រពន្ធ និងកូនដូចគ្នា ហើយត្រូវប្រុសស្នេហ៍នោះលួចថតរឿងរួមភេទ និងគំរាមឲ្យទៅលេងល្បែងលើគ្រែបន្តទៀត ទើបនាងប្ដឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨

បើតាមសម្ដីរបស់ស្ត្រីរងគ្រោះ បានឲ្យដឹងថា តាមពិតទៅ នាងមានប្ដីរួចទៅហើយ តែអង្គភាពរបស់នាង​ បានចាត់​ឲ្យនាងទៅធ្វើការងារ នៅឆ្ងាយពីប្ដី។ លុះពេលនាងទៅធ្វើការនៅទីនោះ ក៏បានស្គាល់ និងរាប់អានជាមួយនឹងជនសង្ស័យដែលធ្វើការជាមួយគ្នា។ ប៉ុន្តែក្រោយមក​ ការទំនាក់ទំនង រវាងនាង និងជនសង្ស័យ បានប្រែក្លាយពីមិត្តភាពធម្មតា ទៅជាមានទំនាក់ទំនងស្នេហា និងលួចលាក់លេងល្បែងស្នេហា​ជាមួយនឹងប្រុសកំពូលស្នេហ៍ជាញឹកញាប់ ក្បត់ចិត្ដប្ដី ហើយថែមទាំងថតសកម្មភាព នៅលើគ្រែជាមួយនឹងប្រុសស្នេហ៍ទៀតផង។

ប្រភពព័ត៌មានដដែល បានបន្តថា ក្រោយមក នាងបានភ្ញាក់រឭក និងនឹកឃើញនៅក្នុងចិត្តរបស់នាងថា ទង្វើរបស់នាងដែលបានប្រព្រឹត្ត​ នាពេលកន្លងមក គឺខុសនឹងសីលធម៌ ប្រពៃណី ក្បត់ចិត្តប្ដី ពិតជាមិនត្រឹមត្រូវឡើយ ទើបនាងបញ្ឈប់ការប្រព្រឹត្តនោះ ហើយចង់កាត់ផ្ដាច់ទំនាក់ទំនងជាមួយនឹងប្រុសស្នេហ៍របស់នាង។ ប៉ុន្តែចាប់តាំងពីពេលនោះមក ប្រុសស្នេហ៍លួចលាក់របស់នាង បានខឹងសម្បា ហើយ​យកវីដេអូដែល​ថត​ពីសកម្មភាពឡើងលើគ្រែជាមួយគ្នានោះ មកគំរាមនាងថា បើនាងមិនព្រមរួមរ័កជាមួយគេបន្តទៀតទេ គេនឹង​យកវីដេអូនោះទៅផូស នៅតាមបណ្ដាញសង្គម ហើយណាត់ឲ្យនាងជួប និងរួមភេទជាមួយនឹងគេ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ជាកំហិត។ ដោយសារតែបញ្ហាហ្នឹង ទើបនាងប្តឹងទៅសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យតែម្តង។

មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណីថតវីដេអូពីសកម្មភាពរួមភេទ យកទៅគំរាមស្រីស្នេហ៍របស់​ខ្លួន ហើយត្រូវ​សមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ក ល (សមត្ថកិច្ចមិនបានប្រាប់ឈ្មោះ) អាយុ២៦ឆ្នាំ។ រីឯស្ត្រីដែលក្បត់ប្ដីលួចលែងល្បែងស្នេហាជាមួយនឹងបុរស​ស្នេហ៍នោះ ឈ្មោះ ល រ អាយុ ២៥ឆ្នាំ រស់នៅក្នុងរាជធានីភ្នំពេញ។

មន្ត្រីអាវុធហត្ថហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីមានពាក្យបណ្ដឹងពីជនរងគ្រោះ ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យ នាំ​មកសាកសួរ តាមនីតិវិធី។ នៅពេលនោះ ជនសង្ស័យ​ បានសារភាពថា រូបគេពិតជាមានទំនាក់ទំនងស្នេហាជាមួយនឹងជនរងគ្រោះប្រាកដ​មែន។ ពួកគេធ្លាប់រួមភេទជាមួយគ្នា ជាញឹកញាប់ ដោយទាំងថតជារូបភាពអាក្រាត និងវីដេអូរួមភេទជាមួយគ្នា ក្នុងទូរស័ព្ទដៃទៀតផង។ ប៉ុន្តែដោយសារ​រូប​គេស្រឡាញ់នាងខ្លាំងពេក រហូតបាត់មុខនាងមិនបាន ហើយនាងចេះតែឆ្លើយតបថា រវល់ មិនព្រមមកជួបខ្លួន ទើបខ្លួនសម្រេចចិត្តផ្ញើសារជាអក្សរ និងសំឡេង សុំនាងរួមភេទ ដោយគំរាមថា បើនាងមិនព្រមមកតាមការណាត់ទេ គេនឹងបង្ហោះរូបភាពវីដេអូរួមភេទជាមួយគ្នាជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុក។ ក្រោយមក នាងបានយល់ព្រម និងបានណាត់ខ្លួនឲ្យមកទៅ​ជួប ហើយក៏ត្រូវសមត្ថ​កិច្ចចាប់ខ្លួនតែម្តង។

ជាមួយគ្នានេះ មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ ក៏បានក្រើនរំឭកដល់យុវវ័យ យុវនារី បងប្អូនប្រជាពលរដ្ឋទាំងអស់ថា នេះជាមេរៀនមួយ សម្រាប់បងប្អូនទាំងអស់ កុំប្រថុយប្រថាន បំពានប្រពៃណី និងថតរូបអាក្រាតកាយរបស់ខ្លួន តាមគ្រប់មធ្យោបាយ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរផ្ទាល់ខ្លួនផង ក្រុមគ្រួសារផង ក៏ដូចជាសង្គមជាតិផងដែរ។ សូមមនុស្សគ្រប់រូប ត្រូវគិតគូរដល់បញ្ហាច្បាប់ ទំនៀមទម្លាប់ ប្រពៃណី សីលធម៌ បុណ្យ និងបាប កុំមានចិត្តបំពារបំពាន ឬបៀតបៀនប្តីប្រពន្ធអ្នកដទៃ ពីព្រោះវាអាចធ្វើឲ្យមានទោសដល់ខ្លួន និងនាំឲ្យឲ្យគ្រួសារគេបែកបាក់ បង្កើតជារឿងឈឺចាប់ និងភាពសោកសៅក្នុងសង្គមទៀតផង៕