ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ ទ្រហោយំ ក្នុងសភាពស្តាយស្រណោះ បន្ទាប់ពីប្អូនប្រុសសំណព្វចិត្ត ដេញតាមវាយ ទាត់ ធាក់ ម៉ូតូ បណ្តាលឱ្យរងការខូចខាត បាក់បែក ស្តុក គ្រឿង មួយចំនួន ក្នុងហេតុផល ខឹងបងស្រីយកម៉ូតូទៅវិញ មិនទុកឱ្យរូបគេជិះ ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលអ្នកដំណើរតាមផ្លូវ កាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

តាមសម្តីនារីរងគ្រោះ ឈ្មោះ ស្រី លីន អាយុ ២២ឆ្នាំ មុខរបរ រៀនអ៊ុតសក់ មានទីលំនៅ ក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ប្អូនប្រុស បានខ្ចីម៉ូតូរបស់ខ្លួន ម៉ាកនិច ពណ៌ ខ្មៅក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FB- 9008 ជិះជាមួយមិត្តភក្ដិគេម្នាក់ទៀត ក៏ប៉ុន្តែមុននឹងប្អូនយកម៉ូតូជិះ សូមឱ្យជូនទៅដាក់នៅកន្លែងរៀនសំអាងជាមុនសិន រង់ចាំដល់ល្ងាច មេត្តាសូមទៅយកមកផ្ទះវិញផង ។

ផ្ទុយទៅវិញ រហូតដល់យប់ម៉ោងរៀនហើយ នៅតែមិនឃើញប្អូនប្រុសសំណព្វចិត្តទៅយកទៀត ចាំយូរពេល ជិះម៉ូតូឌុបមកដល់ផ្ទះ ទាយកកូនសោម៉ូតូចាក់ជិះ ក្នុងគោលបំណង់ទៅរកទិញកញ្ចក់ដាក់ម៉ូតូ ដើម្បីត្រៀមជិះទៅពិធីមង្គលការមិត្តភក្ដិ នៅខេត្តកណ្តាល នាថ្ងៃស្អែក ហើយគ្រាន់តែជិះម៉ូតូចេញពីផ្ទះ មកដល់លើផ្លូវសហព័ន្ធរុស្សី ស្រាប់តែអាប្អូនសំណព្វ រួមជាមួយមិត្តភក្ដិគេម្នាក់ទៀត ដេញតាមមកទាន់ចាប់វាយម៉ូតូ ឡើងទាត់ ធាក់ ដួល បណ្តាលឱ្យរងការខូចខាត ផ្អើលអ្នកដំណើរតាមផ្លូវ ហើយពួកគេនាំគ្នារត់គេចខ្លួនបាត់អស់ ។

ក្រោយកើតហេតុភ្លាមៗ មិនទាន់ដឹងថា មានរឿងអ្វីកើតឡើងសម្រាប់នារីខាងលើ នគរបាលចុះទៅនាំយកទៅសាកសួរនៅប៉ុស្តិ៍ ទើបដឹងរឿង បងប្អូនបង្កើត ឈ្លោះគ្នារឿងដណ្តើមម៉ូតូគ្នាជិះ ហើយនារីខាងលើ ក៏មិនប្តឹងផ្តល់អ្វីដែរ បានត្រឹមទ្រហោំនឹកស្តាយ ស្រណោះម៉ូតូខ្លួន ហើយយកទៅជួសជុលខ្លួនឯង ៕