មណ្ឌល់គិរី៖ កាលពីល្ងាចថ្ងៃទី ២២ ខែមេសា ដំរីមួយក្បាលបានងាប់ បន្ទាប់ពីដេកដួលក្នុងល្បាប់ ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើល នៅចំណុច អូរតេ ភូមិពូតាំង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌល់គិរី ។

ដំរីមួយក្បាលនេះ មានឈ្មោះ បឹង គុក អាយុ ៣៥ឆ្នាំ ត្រូវបានជាប់ចំណង កាលពីជាង១ខែមុន ស្រាប់តែនៅវេលាម៉ោង ៩និង៤៥នាទីព្រឹក ថ្ងៃសៅរ៍ ទី២១ មេសា ២០១៨ គេប្រទះឃើញវា សន្លប់ធ្ងន់ធ្ងរ ដោយអ្នកជំនាញបានសន្និដ្ឋានថា វាប្រហែលជាសង្ឃឹមរស់តិចណាស់ ហើយទីបំផុតវាក៏បានងាប់ បណ្ដាលឱ្យមានការសោកស្ដាយយ៉ាងខ្លាំង ពីសំណាក់មហាជន មិនត្រឹមតែប៉ុណ្ណោះ ការបាត់បង់ដំរីខាងលើ ត្រូវបានសារព័ត៌មានអង់គ្លេស Dailymail រិះគន់ថា ជាទង្វើមិនយកចិត្តទុកដាក់របស់ម្ចាស់ ក៏ដូចជាអប្បកិរិយាអាក្រក់របស់ម្ចាស់ ដែលចងវាចោលមិនព្រមឱ្យចំណីរហូតដល់បាក់កម្លាំងងាប់ដូចនេះ ។

Dailymail បានឱ្យដឹងថា ដំរីមួយក្បាលនៅប្រទេសកម្ពុជាបានងាប់ បន្ទាប់ពីការបង្អត់អាហារពីសំណាក់ម្ចាស់ ព្រោះនេះជាទណ្ឌកម្មដែលម្ចាស់វាខឹងនឹងដំរីឈ្មោះ បឹង គុក រត់ចេញទៅក្រៅបំផ្លាញដំណាំ និងផ្ទះរបស់អ្នកស្រុក កាលពីមួយខែមុន ប៉ុន្តែទោះជាយ៉ាងនេះ ទង្វើរបស់ម្ចាស់ដំរី ត្រូវបានគេចាត់ទុកថា ជាទង្វើដ៏ព្រៃផ្សៃ ។

ក្រោយពេលទទួលទារុណ្ឌកម្មហើយនោះ បឹង គុក ហាក់ដូចជាបាក់កម្លាំង រហូតដល់ ដេកដួលទោះបីជាមានការជួយសង្គ្រោះពីសំណាក់បុគ្គលិកសត្វព្រៃយ៉ាងណា ក៏ពុំអាចសង្គ្រោះបានឡើយ ។
បុគ្គលិកម្នាក់មកពីអង្គការអភិរក្សសត្វដំរីក្នុងស្រុកបានឱ្យដឹងថា បឹង គុក ងាប់ពុំមានអ្នកណាម្នាក់ធ្វើឱ្យរបួសឡើយ ផ្ទុយទៅវិញភាពអត់ឃ្លានទើបធ្វើឱ្យវាបាក់កម្លាំង និងឈានដល់ងាប់ដូចនេះ ។

បុរសដដែលបានឱ្យដឹងថា មានពាក្យមួយចំនួនបានលើកឡើងថា បឹង គុក រងរបួសដោយសារម្ចាស់ដំណាំ ឬម្ចាស់ផ្ទះបាញ់ ខណៈដែលវាទៅរាតត្បាតដំណាំរបស់អ្នកភូមិ ប៉ុន្តែផ្ទុយទៅវិញពុំមែនដូច្នេះឡើយ វាមិនមានរបួស ហើយណាមួយហេតុដែលវាទៅរាតត្បាតដំណាំអ្នកស្រុក ព្រោះតែវាឃ្លាន តែប៉ុណ្ណោះ ។ ជាចុងក្រោយអ្នកជំនាញសត្វព្រៃបាននិយាយថា ការបាត់បង់ បឹង គុក បានធ្វើឱ្យមានការសោកស្ដាយខ្លាំងជាទីបំផុត ៕
សហការី KBN
ប្រភព៖ Dailymail