ខេត្តបាត់ដំបង៖ ជនសង័្សយ២នាក់បានលបចូលទៅគាស់ផ្ទះមន្ត្រីយោធាម្នាក់ លួចបានកាំភ្លើងអាកា៤៧មួយដើម និងទ្រព្យសម្បត្តិមួយចំនួន ហើយរត់គេចខ្លួនបានរយៈពេលជាង១ឆ្នាំ ក៏អស់លក្ខណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការ នៅព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ ដើម្បីផ្ដន្ទាទោស​តាម​ច្បាប់។

មន្រ្ដីនគរបាលស្រុករតនមណ្ឌល បានឲ្យដឹងថា ជនជាប់ចោទដែលសមត្ថកិច្ចឃាត់ខ្លួន ទី១-​ឈ្មោះ​ លៀង មក​រា ហៅ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ទៀក ឃុំ​តា​តោក ស្រុក​សំឡូត និងទី២-​ឈ្មោះ ​មុត លី អាយុ​៤១​ឆ្នាំ រស់នៅ​​ភូមិ​រំ​ជៃ ឃុំ​ស្នឹង ស្រុក​បាណ​ន់​។ ​រីឯការឃាត់ខ្លួនជនជាប់ចោទខាងលើនេះ គឺសមត្ថកិច្ចធ្វើឡើង តាមដីកា​លេខ​២៧ ផ​ព្រ​ទ ចុះ​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៨ ចេញដោយ​លោក ប៉ង់ ចាន់​យុ​សុទ្ធា​រា ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ បានចោទប្រកាន់ជនជាប់ចោទទាំង២នាក់នេះ ពីបទ​គាស់​ទម្លុះ​ទម្លាយ​លំនៅ​ឋាន​មន្ត្រី​យោធា​ម្នាក់ ដែលបានប្រព្រឹត្ត កាលពី​យប់​ ថ្ងៃ​ទី​០៧​ ខែកុ​ម្ភៈ ឆ្នាំ​២០១៧ នៅ​ក្នុង​ភូមិ​តា​សាញ​ត្បូង ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់​ដំបង។

មន្រ្ដីនគរបាលដដែល បានបន្តថា កាលពី​យប់​ ថ្ងៃ​ទី​០៧​ ខែកុ​ម្ភៈ ឆ្នាំ​២០១៧ ជនសង័្សយទាំង២នាក់ បាននាំគ្នាចូលទៅលគាស់ទម្លុះ​ទម្លាយផ្ទះរបស់​មន្រ្តីយោធាម្នាក់ នៅ​ក្នុង​ភូមិ​តា​សាញ​ត្បូង ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់​ដំបង ដោយលួចបានកាំភ្លើង AK៤៧ មួយដើម និងទ្រព្យ​សម្បត្តិមួយចំនួនទៀត។ បន្ទាប់ពីប្រព្រឹត្តនូវបទល្មើសរួចហើយ ជនសង័្សយបានរត់គេចខ្លួនបាត់រហូត។ ដោយឡែកមន្ត្រីយោធារងគ្រោះវិញ បន្ទាប់ពីកើតមាននូវករណីចោរគាស់ផ្ទះ លួចទ្រព្យសម្បត្តិ និងកាំភ្លើងរបស់ខ្លួនហើយ គាត់ក៏បានដាក់ទៅពាក្យបណ្ដឹង សុំឲ្យសមត្ថកិច្ចពាក់ព័ន្ធ ​ជួយ​ស្រាវជ្រា​វស្វែងរក ចាប់ខ្លួនជនដៃដល់ ដើម្បីនាំមកផ្ដន្ទាទោសតាមច្បាប់។

មន្ត្រីនគរបាលដដែល បានបន្តថា ក្រោយពេលមានពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញក៏បានស្រាវជ្រាវ និងបានកំណត់មុខសញ្ញារបស់ជនសង័្សយ ហើយសហការគ្នាជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធ នៅតាមបណ្ដាខេត្ត និងស្រុកនានា។ លុះមកដល់ថ្ងៃទី២៣​ ខែមេ​សា ឆ្នាំ២១០៨ សមត្ថកិច្ចបានប្រទះឃើញ និងចាប់ខ្លួនជនសង័្សយ នៅ​ភូមិ​បឹង​អំពិល ឃុំ​បឹង​អំពិល ស្រុក​រតន​​មណ្ឌល ខេត្តបាត់ដំបង។

​លោក​ឧត្តមសេនីយ៍ត្រី ​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាត់ដំបង បាន​មាន​ប្រសា​ស​ន៍​​ថា បន្ទាប់​ពី​ចាប់ខ្លួនជនសង័្សយបានហើយ លោក​ស្នង​ការ​ខេត្ត ក្រោមការ​ឯកភាព​ពី​ស្ថាប័ន​អយ្យការ បាន​បញ្ជា​ឲ្យ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប នៃ​ស្នង​ការដ្ឋាននគរបាល​ខេត្តបាត់ដំបង ​ចុះ​ឆែកឆេរ​​​លំនៅ​ឋាន​របស់ជនជាប់ចោទទាំង​២​នាក់ ​រក​ឃើញ​អាវុធ​មួយ​ដើម​ ម៉ាក​AK47​ មានបង់​មួយ និង​គ្រាប់បែក​មួយ​គ្រាប់​ផងដែរ​។

​លោកស្នងការ​រង​បាន​បញ្ជាក់​ថា កាំ​ភ្លើងអាកា​ដែល​ដកហូតបាន​នោះ​ គឺមិនមែន​ជា​កាំភ្លើង​ដែល​ជនជាប់ចោទលួចបានពី​ក្នុងផ្ទះ​មន្ត្រី​យោធា​ នៅ​ស្រុក​សំឡូត​នោះ​ទេ គឺជា​កាំភ្លើង​ផ្សេង។ រីឯ​គ្រាប់​បែក​ត្រូវ​ឈ្មោះ​ មុត លី លាក់​ទុក​នៅ​ក្នុង​ដើមឈើ​ ដែល​យើង​មិន​អាច​យក​ចេញ​បាន​ទេ​ ព្រោះ​គ្រាប់បែក​មាន​សភាព​ច្រែះ​ចាប់​ អាចបង្ក​គ្រោះថ្នាក់ ហើយ​ពេល​នេះ​គ្រាប់បែកនោះ លោក​បាន​ប្រគល់​ទៅឲ្យ​ខាង​អង្គភាព​កម្ចាត់​មីន​ ជាអ្នកដោះ​ស្រាយ​។​

ក្រោយពេលឃាត់ខ្លួនរួច សមត្ថកិច្ចជំនាញបានបញ្ជូនជនសង័្សយទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ នៅព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ ចាត់ការតាមច្បាប់៕