បុរសជនជាតិចិនម្នាក់ ស្រវឹងស្រាបើករថយន្ត​​យ៉ាងលឿន តាមបណ្តោយមហាវិថី ម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ជ្រុលទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលអ្នកបើកបរកៀបជាប់ ក្នុងរថយន្តរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច នឹងប្រជាពលរដ្ឋ ជួ​យគាស់ទ្វារយកជនរងគ្រោះ ចេញមកក្រៅហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។.

ហេតុការណ៏ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង 2និង35នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី25 ខែមេសា នៅតាមបណ្តោយ មហាវិថីម៉ៅសេទុង កែងនឹង ផ្លូវ193 សង្កាត់ទួលស្វាយព្រៃទី1 ខណ្ឌខំការមន ។

ប្រភពពីអ្នកលក់បាយឆា មីឆា នៅជិតកន្លែងកើតហេតុនោះ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿង ម៉ាក ហាយប្រ៊ីត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P 2835 បើកបរដោយបុរសជនជាតិចិន វ័យក្មេងម្នាក់ ក្នុងស្ថានភាពស្រវឹង បើកយ៉ាងលឿនដូចហោះ មកដល់កន្លែងកើតហេតុ ក៏ជ្រុលទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលអោយបាក់អស់3កង់ ចំណែករថយន្ត ខ្ទេចមួយកំណាត់មុខ ​អ្នកបើកបរបែកក្បាលហូរឈាម សន្លប់កៀបជាប់ក្នុងរថយន្ត ត្រូវបានសមត្ថកិច្ច នឹង ប្រជាពលរដ្ឋ ជួយ​គាស់ទ្វាររថយន្ត​ទាញយកជនរងគ្រោះ ចេញមកក្រៅដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ​ភ្លាមៗ​។

ក្រោយកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ច ធ្វើការវាស់វែង នឹងស្ទូចយករក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ជើងគោក រងចាំជនបង្កចូលខ្លួនដោះស្រាយនៅពេលក្រោយ ៕