ខេត្តកណ្តាល៖ បុរសល្មោភកាមម្នាក់ ឃើញកូនក្រមុំអ្នកភូមិ ដេកនៅលើផ្ទះតែម្នាក់ឯង ក៏លបឡើងទៅចាប់រំលោភ តែមិនបានសម្រេច ដោយសារជនរងគ្រោះ ស្រែកផ្អើលឪពុកម្ដាយរបស់នាង រត់ទៅជួយទាន់ កាលពីវេលាម៉ោង១១ និង១៧នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅក្នុងផ្ទះឪពុកម្តាយនារីរងគ្រោះ ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង។

បើតាមសម្ដីរបស់ជនរងគ្រោះ បានឲ្យដឹងថា កាលពីព្រលប់ថ្ងៃកើតហេតុ នាងបានឡើងទៅដេក នៅលើផ្ទះតែម្នាក់ឯង ហើយឪពុក​ម្ដាយរបស់នាង សម្រាន្ដនៅខាងក្រោមផ្ទះ។ ស្របពេលនាងកំពុងតែដេក យ៉ាងលង់លក់ ស្រាប់តែជន​សង័្សយ បានលបឡើងទៅលើផ្ទះ ចូលទៅក្នុងបន្ទប់ ហើយបើកមុងរបស់នាង ចូលចាប់ច្របាច់ក និងខ្ទប់មាត់ ឱបថើបនាង ធ្វើឲ្យនាងភ័យយ៉ាងខ្លាំង។

ដោយសារស្ថិតក្នុងស្ថានភាព ដ៏គ្រោះថ្នាក់បែបនេះ នាងបានខំប្រឹងរើបម្រះ និងខាំដៃជនសង្ស័យ នាំឲ្យមានការប្រតាយប្រតប់គ្នា បណ្ដាលឲ្យនាងរងរបួស ហើយនាងបានស្រែក ផ្អើលឪពុកម្តាយរបស់នាង រត់ឡើងទៅជួយ។ លុះមកដល់វេលាម៉ោង ២និង១៧នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមេសា ទើបឪពុកម្ដាយរបស់នាង ប្ដឹងទៅសមត្ថកិច្ចឲ្យចុះទៅ ឃាត់ខ្លួនជនសង័្សយ។

មន្ត្រីនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណី ប៉ុុនប៉ងចាប់រំលោភសេពសន្ថវៈ ដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ធួន សារ៉ាយ ហៅម៉ៅ អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មករសំណង់ មានលំនៅក្នុងភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ប៉ុន្តែគេបានមកស្នាក់នៅ និងធ្វើការ នៅក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ រីឯជនរងគ្រោះ ឈ្មោះ ក គ អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មការិនីរោងចក្រ មានលំនៅក្នុងភូមិ-ឃុំកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង័្សយ នាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាង​សំណុំ​រឿង បញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមច្បាប់៕