ភ្នំពេញ៖ បុរសម្នាក់បានស្រលាញ់នារីម្នាក់ជិតមួយឆ្នាំមកហើយ បានហៅនាងមកធ្វើម្ហូបឱ្យផឹកស៊ីជាមួយគ្នា ពេលស្រវឹងបានបិទទ្វារបន្ទប់ មិនឱ្យនាងត្រឡប់ទៅវិញបានដេកឱបថើបតែមិនបាន រំលោភសេពសន្ថវៈទេ ត្រូវនាងប្តឹងពីបទបៀតបៀនកេរ្តិ៍ខ្មាស សមត្ថកិច្ចឃាត់ខ្លួន​កាលពីវេលាម៉ោង៦នឹង៣០នាទីយប់ថ្ងៃទី២៤ ខែមេសា នៅបន្ទប់ជួលក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២​ ខណ្ឌពោធិ៍សែនជ័យ ​។

ជនសង្ស័យមានឈ្មោះ ម៉ម កល្យាណ ហៅយ៉ាន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបុរីសន្តិភាព២ ភូមិ​ដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ​មានស្រុកកំណើតនៅភូមិ​ត្នោតជំ​​ ឃុំត្នោតជំ ស្រុកបារាយណ៍​ ខេត្តកំពង់ធំ។ នារីរង​គ្រោះមានឈ្មោះ លឹម ស្រីម៉ាប់ អាយុ ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឱ្យដឹងថា រូបគាត់បានប្រព្រឹត្តលើរូបនារីរងគ្រោះខាងលើពិតប្រាកដមែន ព្រោះតែនារីខាងលើ និងរូបគាត់ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នា​ជិតមួយឆ្នាំមកហើយ ដោយធ្លាប់ណាត់គ្នាដើរលេងជាច្រើនដងរាប់មិនអស់ និងធ្លាប់មកធ្វើម្ហូបឱ្យគាត់ហូបសឹងរាល់ថ្ងៃ ​គាត់មិនចេះធ្វើម្ហូបទេ ។ ​នៅមុនពេលកើតហេតុ នៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៨ ​គាត់បានទូរស័ព្ទហៅ នារីរងគ្រោះមកធ្វើម្ហូបឱ្យហូប ​នៅពេលហូបរួចហើយ នាងត្រឡប់ទៅផ្ទះវិញ ។

លុះនៅវេលាម៉ោង៥ល្ងាចថ្ងៃ​ដដែល បានហៅនាងមកម្ដងទៀត ហើយបានធ្វើម្ហូបហូប និងហូបស្រាបៀរ ជា​មួយមិត្តភក្ដិពីរនាក់ផ្សេងទៀត សរុបទាំងអស់ ៤នាក់ ស្រី២ ២ប្រុស គឺផឹកស៊ីរហូតដល់ម៉ោង ៩យប់ ផឹក អស់​ស្រាបៀរ​ជាងកន្លះកេះ ​មិត្តភក្ដិស្រីប្រុស ២នាក់បានចេញទៅក្រៅបាត់ នៅសល់តែរូបគាត់ បានដេកជាមួយនារីរងគ្រោះ ដោយឱប​ថើបស្ទាបអង្អែលសព្វរាងកាយ តែមិនបានរួមរ័កឡើយ ដោយនារីខាងលើឱ្យតែស្ទាបអង្អែល និងថើបប៉ុណ្ណោះ គាត់ក៏ធ្វើ​តាមព្រោះគាត់ស្រលាញ់ចង់បានទៅជាអនាគត ។ ពេលដែលគាត់ចាប់ឱបថើបនោះ នារីរងគ្រោះ មិនបានប្រកែកទេ គ្រាន់តែប្រាប់ថា មិនឱ្យរំលោភតែប៉ុណ្ណោះ ។

លុះពេលព្រឹកឡើង គាត់បានបញ្ជាក់ប្រាប់នាងថា ខ្ញុំស្រលាញ់ ​បើចង់ប្តឹង ក៏ប្តឹងទៅខ្ញុំមិនរត់ទេ ។ ចំណែកនារីរងគ្រោះវិញបាននិយាយប្រាប់ថា នាងនិងជនសង្ស័យបានរាប់អានគ្នា​ស្រឡាញ់ទុកដូចជាបងប្រុស នាងតែងតែទៅធ្វើម្ហូបឱ្យហូបជាញឹកញាប់ ។ មុនពេលកើត ហេតុនាងបានទៅធ្វើម្ហូបឱ្យហូប ផឹកស៊ីជាមួយមិត្តភក្កិ២នាក់ទៀត ពេលផឹកស៊ីចប់ហើយ ​មិត្តភក្តិបានចេញទៅបាត់ ​ស្រាប់តែជនសង្ស័យ​បានបិទទ្វារហើយចាប់ឱបថើបនាងតែម្តង នាងបាននិយាយថា បើស្រលាញ់គេមិនធ្វើអ៊ីចឹងទេ គឺគេចូលស្តីតាមប្រពៃណី តែនាងបានប្រាប់ជាច្រើនដងហើយថា ​សុំរាប់អានចាត់ទុកជាបងប្រុសតែប៉ុណ្ណោះ ។

ពេលព្រឹក​នាងបានប្រាប់ថា ឈប់មកជាន់នៅទីនេះទៀតហើយ ព្រោះស្អប់អំពើថោកទាបបែបនេះ។ បន្ទាប់ពីត្រូវជនសង្ស័យបំពានរូបរាងកាយ នាង​មិនហ៊ានប្រាប់ឪពុកម្ដាយទេ តែបានប្រាប់មិត្តភក្ដិត្រូវមិត្តភក្ដិទូរស័ព្ទ​ប្រាប់ឪពុកម្ដាយនាង ឱ្យដឹងហើយឪពុកម្តាយនាង បានមកពីស្រុកនាំនាងទៅប្តឹងសមត្ថកិច្ច ។
​បន្ទាប់ពីនារីរងគ្រោះដាក់ពាក្យ​បណ្តឹងហើយ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅ ២បានចុះទៅឃាត់ជនសង្ស័យ ​យកមកសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕